2023-10-02 12:10
155

ភ្នំពេញ៖ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ចំនួន ០៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះនារីខ្មែរ ០១រូបទៀត។ 

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។

 សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរ ចំនួន ០៧រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង ០៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។

 ក្រោយពីបានទទួលព័ត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាមពីអជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ០៧រូបនោះ។  ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយសមត្ថកិច្ចឡាវ។ 

 រហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នេះ, នារីខ្មែរ ០៦រូប ត្រូវបានជួយសង្គ្រោះ និងកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ស្ថានទូតបាន និងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ បន្តខិតខំជួយសង្គ្រោះនារីខ្មែរ ០១រូបទៀតដែរ។ 

 ការជួយសង្គ្រោះនារីខ្មែរទាំង ០៧រូបនេះ បានបង្ហាញឱ្យឃើញពីចំណាត់ការដ៏រហ័សរហួន និងការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេសមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានគិតគូរខ្ពស់អំពីសុវត្ថិភាព ទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ មិនថានៅបញ្ហាធំប៉ុណ្ណា លំបាកយ៉ាងណា ឬឆ្ងាយដល់ណានោះឡើយ ឱ្យតែរាជរដ្ឋាភិបាលបានដឹង គឺមិនព្រងើយកន្តើយទុកពលរដ្ឋចោលនោះទេ គឺប្រឹងប្រែងអស់លទ្ធភាព ដើម្បីជួយពួកគេ។ 

 នារីរងគ្រោះទាំង ០៦រូប ដែលបានសង្គ្រោះរួចបានបង្ហាញក្តីរំភើបរីករាយជាពន់ពេកបានរួចផុតពីការជួញដូរ ជាពិសេសទទួលបានកិច្ចអន្តរាគមន៍យ៉ាងរហ័សពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអាជ្ញាធរកម្ពុជា។ ពួកគេបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាអាជ្ញាធររបស់កម្ពុជា ក្នុងនោះរួមមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវដែលបានខ្នះខ្នែងជួយសង្គ្រោះពួកគេឱ្យរួចផុតពីគ្រោះថ្នាក់ និងអាចបានត្រឡប់មកកាន់ប្រទេសកំណើតវិញ៕