2023-09-08 12:09
134

(រាជធានីភ្នំពេញ)៖ នេះបើការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។មន្រ្តីនគរបាលចរាចរណ៍ម្នាក់ដែលឈរប្រចាំការអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានហៅទៅអប់រំ និងព្រមានជាលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ ក្រោយពីមន្រ្តីនគរបាលចរាចរណ៍រូបនេះបានពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវ។ 

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៩និង១៣នាទីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីនគរបាលចរាចរណ៍ដែលត្រូវហៅទៅអប់រំនេះ បានធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវនៃគោលដៅស្តុបបូកគោ ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ ពោល នាពេលថ្មីៗនេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ៗថា ជុំវិញបញ្ហាការពួនស្ទាក់របស់មន្រ្តីនគរបាលចរាចរណ៍នេះគឺត្រូវតែលុបបំបាត់។ ប៉ុន្តែការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តអនុវត្តដើម្បីពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។

យ៉ាងណាក៏ដោយ លោក ជួន ណារិន្ទ ក៏សំណូមពរដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវនានាក្នុងរាជធានីភ្នំពេញ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកទៃផងដែរ៕