2023-08-23 04:08
215

ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានធ្វើការកោតសសើរនិងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ នាំគ្នាដាំបន្លែ និងមុខរបរចិញ្ចឹមសត្វនានាបន្ថែមទៀតក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ។

ការកោតសសើរនិងលើកទឹកចិត្តរបស់លោកអភិបាលក្រុងស្វាយស្វាយរៀងធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣បន្ទាប់ពីចុះជួបសំណេះសំណាលនិងសួរសុខទុក្ខដល់ប្រជាកសិករដែលបាន ដាំបន្លែ ចិញ្ចឹមកង្កែប ចិញ្ចឹមបង្កងនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង។

ការចុះជួបប្រជាកសិករ ក៏មានការចូលរួមពីមន្ត្រី ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកចៅសង្កាត់រងទី១សង្កាត់គយត្របែក និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកអភិបាលក្រុងបានបន្តថា បន្ទាប់ពីលោកបានចុះពិនិត្យមើលប្រជាកសិករនៅសង្កាត់គយត្របែកដែលបាននាំគ្នាដាំបន្លែ និងចិញ្ចឹមសត្វមានដូចជាកង្កែប បង្កងរួចមកលោកបានស្ងើចសសើរនិងវាយតំលៃខ្ពស់ហើយលើកទឹកចិត្តប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង ទាំងអស់ ដោយឆ្លៀតពេលវេលា ក្រៅពីធ្វើស្រែដោយ ដោយមានដីដែលទំនេរទុកចោលនោះ គួរប្រកបរបរចិញ្ចឹមសត្វ ដាំបន្លែ ដើម្បីទទួលបានចំណូលបន្ថែមក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ពិសេសបន្លែសាច់ដែលគ្មានជាតិគីមី។

ក្នុងឱកាសនោះដែរប្រជាកសិករក៏បានថ្លែងអំណរគុណដល់លោកអភិបាលក្រុងស្វាយរៀងនិងក្រុមការងារដែលបានចុះមកជួបផ្ទាល់និងបានបង្រៀនអំពីបច្ចេកទេសល្អៗបន្ថែមទៀតក្នុងការដាំបន្លែរនិងចិញ្ចឹមសត្វក្នុងសហគមន៍ក្នុងភូមិរបស់គាត់ផងដែរ ៕