2024-03-27 04:03
49

ស្ទឹងត្រែង៖ ក្រុមមន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង បានសហការជាមួយគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង ចុះពិនិត្យដកហូតត្រីដែលបងប្អូនអាជីវករដាក់តាំងលក់ក្នុងផ្សារ ចំនួន ៥០គីឡូក្រាម ដោយអះអាងថា ជា «ខុសច្បាប់បានមកពីការការនេសាទដោយដាក់ថ្នាំបំពុល»។

 ការចុះដកហូរត្រីខុសច្បាប់ខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ នៅផ្សារសាមគ្គីស្ទឹងត្រែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។

   មន្ត្រីរដ្ឋបាលជលផល បានអះអាងថា៖ ក្រោយពីមានសេចក្តីរាយការណ៍ថា «មានប្រជានេសាទប្រើឧបករណ៍ខុសច្បាប់ (បំពុលត្រី) ហើយយកមកលក់ឲ្យអាជីវករផ្សារសាមគ្គីស្ទឹងត្រែង កម្លាំងរដ្ឋបាលជលផល បានសហការជាមួយគណៈកម្មការផ្សារសាមគ្គី ចុះពិនិត្យជាលទ្ធផលបានរកឃើញត្រីប្រា ចំនួន ៥០គីឡូក្រាមដែលបានមកពីការនេសាទខុសច្បាប់នេះ»។

    មន្ត្រីជលផល បានបញ្ជាក់បន្ថែមថា៖ ត្រីបំពុលដែលអាជីវករលក់នៅក្នុងផ្សារនោះ ត្រូវបានអាជីវករបញ្ជាក់ថា «មានប្រជានេសាទមកពីស្រុកសៀមបូក ចំនួន ០៣នាក់ និងមកពីសង្កាត់សាមគ្គីម្នាក់ យកមកលក់ឱ្យពួកគាត់»។ មន្ត្រីជំនាញបានបន្ថែមថា៖ «ត្រីទាំងនេះត្រូវបានអ្នកនេសាទបំពុលដោយបានប្រើនុយប្រភេទដូចជាបាយដំណើប ត្រីល្អិតកាត់ជាកង់ៗ ក្ដាម សាច់គោ...លាយជាថ្នាំបំពុល ដើម្បីបោះចូលទឹកឲ្យត្រីស៊ី»។
      
មន្ត្រាខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានអំពាវនាវឲ្យប្រជានេសាទ បញ្ឈប់ការនេសាទដោយសារធាតុពុល ហើយប្រជាជនឈប់រើសត្រីពុល និងអាជីវករឈប់ទិញ-លក់-ដឹកជញ្ជូនត្រីដែលបានពីការនេសាទខុសច្បាប់ទាំងការបំពុល ការប្រើប្រាស់ឧបករណ៍ឆក់ និងប្រើគ្រឿងផ្ទុះ ព្រោះសកម្មភាពទាំងអស់នេះ គឺខុសនឹងច្បាប់ស្ដីពីជលផល។ ត្រីទាំងនោះត្រូវបានបំផ្លាញចោល ព្រោះមានជាតិពុលអាចធ្វើឲ្យប៉ះពាល់សុខភាពអ្នកបរិភោគឬពុល។ 

        ក្រុមអាជីវករលក់ត្រី ចំនួន ០៣នាក់ ត្រូវបានខណ្ឌរដ្ឋបាលជលផល នាំមកធ្វើកិច្ចសន្យាបញ្ឈប់ទិញត្រីដែលបានមកពីការនេសាទខុសច្បាប់យកមកលក់នៅលើទីផ្សារ ដូចជាត្រីបានមកពីការបំពុល  ឆក់ និងប្រើគ្រឿងផ្ទុះ ព្រោះសកម្មភាពទាំងអស់នេះគឺខុសនឹងច្បាប់ស្ដីពីជលផលបើមិនរាងចោលនិងអនុវត្តទៅតាមនីតិវិធីច្បាប់។
មហាជនបានលើជាចំងល់ថា បើមន្ត្រីជំដឹងច្បាស់ត្រីទាំងបានមកពីនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ឆក់ បំពុល ប្រើគ្រឿងបំផ្ទុះ។ល។ ម្តេចមិនចេញបង្ក្រាបឲ្យទាន់ពេលវេលារងចាំត្រីមកលក់ទីផ្សារទើបនាំមកដកហូត និងធ្វើការព្រមានអាជីវករទៅវិញ មិនតាមចាប់ជនល្មើសផ្តន្ទាទោសតាមច្បាប់ទើបជាការត្រឹមត្រូវ៕