2023-04-10 02:04
553

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២៣នេះ ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ហើយប្រជាពលរដ្ឋបាននាំគ្នាឆ្លងកាត់ដោយសប្បាយរីករាយ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្នការសាងសង់​ត្រូវបានសម្រេចស្ទើរតែទាំងស្រុងហើយ នៅសេសសល់ការងារមួយចំនួនតូចដែលមិនប៉ះពាល់ដល់​ការបើកធ្វើចរាចរណ៍ជាបណ្តោះអាសន្ននោះឡើយ។

ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយដោះស្រាយការកក​ស្ទះចរាចរណ៍នៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើនោះ សម្ដេចតេជោ នាយក រដ្ឋមន្ត្រីបានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះតទៅ។ ទន្ទឹមនឹងនេះ ដើម្បីធានានូវសណ្តាប់ធ្នាប់និងបញ្ចៀសការកកស្ទះចរាចរណ៍ពីស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ផ្លូវមុខស្ពានដែកបេឡេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរណ៍ឆ្លងកាត់ស្ពានដែកបេឡេឫស្សីកែវផងដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ក្រុមការងារជាវិស្វករនិងកម្មករទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាកន្លងមក រហូតសម្រេចបានសមិទ្ឋផលដ៏ស្រស់ស្អាតនេះ។ លោកលើកឡើងបែបនេះ នាពេលលោកចុះពិនិត្យផ្ទាល់នៅព្រឹកនេះ។

សូមបញ្ជាក់ថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វានិងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)