2024-01-03 12:01
105

ខេត្តកំពង់ស្ពឺ៖    ការឃាត់ខ្លួនកូនប្រុសខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខែត្តកំពង់ស្ពឺ។

កូនប្រុសអកតញ្ញូម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនតាមបណ្តឹងម្តាយបង្កើត ខណៈដែលកូនប្រុសខាងលើខឹងសុំលុយម្តាយចំនួន ១០០ដុល្លារមិនបាន ស្ទុះទៅទាញយកចបវាយបំផ្លិចបំផ្លាញរបស់របរទ្រព្យសម្បត្តិ និងគំរាមសម្លាប់ម្តាយថែមទៀតផង។

នគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថា មានករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងដែលបង្កដោយជនសង្ស័យឈ្មោះគីមស្រុី គីមស្រៀន ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅក្នុងភូមិគោក ឃុំសង្កែសាទប កើតហេតុខាងលើ បានធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារនិងគំរាមសម្លាប់ម្តាយបង្កើត ដែលជនរងគ្រោះមានឈ្មោះហួន សុីដេត អាយុ៤៥ឆ្នាំ រស់នៅផ្ទះជាមួយគ្នាបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិរួមមាន÷
– កៅអីជ័រចំនួន១០
– ពាងទឹកចំនួន០៤
– តុដែក ០១ តុឈើ ០១ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

នគរបាលបានបញ្ជាក់ថា ក្រោយពេលទទួលបណ្ដឹងពីជនរងគ្រោះជាម្ដាយកម្លាំងនគរបាលបានចុះទៅដល់ កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យយកមកអធិការ ដ្ឋាននគរបាលស្រុកឱរ៉ាល់ចាត់ការបន្តតាមច្បាប់។

នគរបាលបានបញ្ជាក់បន្ថែមថា ករណីខាងលើកើតឡើងបណ្តាលមកពីជនសង្ស័យជាកូនបានសុំលុយម្តាយចំនួន១០០ដុល្លារ ប៉ុន្តែម្តាយមិនឱ្យ ក៏វាយបំផ្លាញរបស់របរនិងគំរាមសម្លាប់ម្តាយតែម្តង៕