2023-04-06 05:04
405

ខេត្តព្រះសីហនុ៖ កម្លាំង​ជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ កាលពីរសៀលថ្ងៃទី​០៤​ ខែមេសា​ ឆ្នាំ​២០២៣ម្សិលមិញ​ បានបង្ហាញ​មុខសញ្ញា​ចោរឆក់ទូរស័ព្ទដៃយ៉ាងសកម្ម​របស់ប្រជាពលរដ្ឋតាមដងផ្លូវ​ចំនួន​៥នាក់​នៅមូលដ្ឋានខេត្ត​ព្រះសីហនុ​ ក្រោយឃាត់ខ្លួន​ពួកគេ​ដែលបាននាំគ្នាឆក់​យកទួរស័ព្ទ​ជនរងគ្រោះ​កំពុងដេកលង់លក់នៅតាមផ្ទះ​បានសម្រេច​ហើយ​តែរត់​មិនរួច​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់ទាំងអស់។

   យោងតាម​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤និង០០នាទីទៀបភ្លឺ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចំណុចផ្ទះធ្វើពិធីបុណ្យ មានករណីឆក់មួយបានកើតឡើង ពេលពិធីបុណ្យចប់ ក្នុងខណៈដែលជនរងគ្រោះកំពុងសម្រាកលង់លក់នៅលើគ្រែក្រោមសំយាបមុខផ្ទះ (ក្នុងពេលសម្រាកនោះជនរងគ្រោះបានយកខ្សែកាបូបស៊កដៃហើយអោបសម្រាក ។ លុះដល់វេលាម៉ោងខាងលើ មានជនសង្ស័យចំនួន៥នាក់ភេទប្រុសជិះម៉ូតូ២គ្រឿង ដោយ៤នាក់រង់ចាំខាងក្រៅ និង១នាក់បានធ្វើសកម្មភាពចូលទៅឆក់កាបូបពីដៃជនរងគ្រោះដែលកំពុងដេកអោប រួចរត់ឡើងម៉ូតូជិះគេចខ្លួនបាត់ ។ 

    ជនរងគ្រោះឈ្មោះ មិន ឌី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ 

    សម្ភារបាត់បង់មាន៖

១-កាបូបពណ៌ខ្មៅចំនួន០១ក្នុងនោះមាន៖

-ប្រាក់ដុល្លារចំនួន ១៥០០$ (មួយពាន់ប្រាំរយដុល្លារគត់) ។ 

-ប្រាក់រៀលចំនួន ៣.៣០០.០០០៛(បីលានសាមសិបមុឺនរៀលគត់) ។ 

-ចិញ្ជៀនត្រាចំនួន០១វង់ (ទម្ងន់០២ជី) ។

-ទូរស័ព្ទម៉ាកអុបប៉ូ ចំនួន០១គ្រឿង ពណ៌ខៀវ ។ 

    ក្រោយទទួលបានព័ត៌មាននេះ នៅម៉ោង៤និង៤០នាទី ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជើងគោ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង៩និង៣០នាទីដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទើបស្ទាក់ឃាត់បានជនសង្ស័យ០៥នាក់នៅចំណុចផ្លូវជាតិ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត និងរួមទាំងមធ្យោបាយធ្វើសកម្មភាពយកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរតាមនីតិវីធីជំនាញ ។

   ក្រោយពីការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលដល់ក្នុងផ្ទះធ្វើពិធីបុណ្យ ហើយឆក់យកកាបូបដៃជនរងគ្រោះកំពុងដេកក្នុងរោងបុណ្យប្រាកដមែន ។ 

   ជនសង្ស័យមានឈ្មោះ ៖

១-ឈ្មោះ នូ លីកៀន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ​មិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(ជនដៃដល់) ។ 

២-ឈ្មោះ សាន សុខសុី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(បក្ខពួក) ។ 

៣-ឈ្មោះ អេង បុត្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(បក្ខពួក) ។ 

៤-ឈ្មោះ មឿន សូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(បក្ខពួក) ។ 

៥-ឈ្មោះភន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(បក្ខពួក) ។

វត្ថុតាងត្រូវចាប់យក៖

-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រះសីហនុ 1K-9120 ចំនួន០១គ្រឿង ។

-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ក្រហម សេ៊រីឆ្នាំ២០២១ ពាក់ផ្លាកលេខ ព្រះសីហនុ 1F-9472 ចំនួន០១គ្រឿង ។

-ទូរស័ព្ទម៉ាកអាយហ្វូន១១ប្រូ ពណ៌ប្រផេះ ចំនួន០១គ្រឿង ។ 

-ទូរស័ព្ទម៉ាកអាយហ្វូន៨ផ្លើស ពណ៌ទឹកមាស ចំនួន០១គ្រឿង ។ 

-ទូរស័ព្ទម៉ាកអាយហ្វូន១១ ពណ៌ស ចំនួន០១គ្រឿង។ 

-ទូរស័ព្ទម៉ាកអាយហ្វូន៨ផ្លើស ពណ៌ខ្មៅ ចំនួន០១គ្រឿង ។

-ទូរស័ព្ទម៉ាកអាយហ្វូន៧ ពណ៌ខ្មៅ ចំនួន០១គ្រឿង ។ 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្តុតាងខាងលើ ត្រូវ​បានសមត្ថកិច្ចជំនាញ​បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តការសាកសួរស្រាវជ្រាវតាមនីតិវិធីជំនាញ ៕