2023-03-31 09:03
562

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់អនុសាសន៍ណែនាំ ៦ចំណុច ជំរុញឲ្យការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ដូចខាងក្រោម : 

ទី១៖ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេន ជាកំណត់ត្រាដែលចាត់ទុកថា គ្រួសាររបស់សហគមន៍អាស៊ាន បានយកចិត្តទុកដាក់ខ្ពស់ដល់សិទ្ធិមនុស្ស និងលក្ខខណ្ឌប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋ ឲ្យរស់នៅប្រកបដោយសេចក្តីសុខដុមរមនា រួមទាំងវិស័យពិការនៅក្នុងសហគមន៍ ដែលនាំមកនូវកត្តាសត្យានុម័ត និងសក្តានុពលដល់បងប្អូនជនមានពិការភាព អាចចូលរួមគ្រប់សកម្មភាព ក្នុងសង្គមដោយមិនមានការរើសអើង។

ទី២៖ ការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេនលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាការទទួលខុសត្រូវខ្ពស់ នៅពេលដែលកម្ពុជា ទទួលវេនធ្វើម្ចាស់ផ្ទះ ដោយមានការឯកភាពដ៏ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធកីឡាជនពិការអាស៊ាន និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាពិកកម្ពុជា ហើយសម្តេចក៏ជាជនពិការមួយរូប ដែលតែងតែយកចិត្តទុកដាក់ ផ្តល់នូវសុភនិច្ឆ័យដល់បងប្អូនជនពិការនៅទួទាំងប្រទេស ក្នុងតំបន់សហគមន៍អាស៊ាន និងពិភពលោក។ សម្តេចតេជោ ហ៊ុន សែន តែងតែលើកទឹកចិត្តថា ជនពិការជាជនមានសមត្ថភាព ដូចនេះសូមស្នើឯកឧត្តម លោកជំទាវ លោក លោកស្រី នាយបេសកកម្មទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សុភនិច្ឆ័យ រៀបចំកម្មវិធីអាស៊ានប៉ារ៉ាហ្គេមនេះ ប្រកបដោយសុខដុមរមនា និងតម្កល់ខ្ពស់ផលប្រយោជន៍ជនពិការ ក្នុសហគមន៍អាស៊ាន។

ទី៣៖ នាយបេសកកម្ម មានភារកិច្ចយ៉ាងសំខាន់សហការជាមួយគណៈកម្មាធិការជាតិ CAMAPGOC និងសមសភាពប្រតិភូ ថ្នាក់ដឹកនាំ ពិសេសអ្នកបច្ចេកទេសអន្តរជាតិ ដើម្បីរៀបចំការប្រកួតឲ្យប្រព្រឹត្តទៅដោយរលូន និងមានសមធម៌ យុត្តិធម៌ FAIR PLAY និងទទួលបានការពេញចិត្តពេញថ្លើម ប្រកបដោយសេចក្តីសប្បាយរីករាយ នៅក្នុងក្រុមគ្រួសាររបស់យើង ជៀសវាងការងារមួយចំនួន ដែលមិនពាក់ព័ន្ធ ជាមួយនឹងផ្លូវច្បាប់ ត្រូវគោរពច្បាប់ ក្រមសីលធម៌ប្រកួត ប្រកួតដោយសក្តានុពល កិត្យានុភាព និងគ្មានគ្រឿងញៀន គ្រឿនហាមឃាត់ ជាច្បាប់ Anti-Doping នៅទូទាំងពិភពកលោកសម្រាប់ការប្រកួតកីឡា។

ទី៤៖ ចូលរួមសហការគ្នាឲ្យបានជិតស្និទ្ធ និងផ្តល់ឱកាស ផ្តល់ការគាំទ្រដល់បងប្អូនជនមានពិការភាព ដែលជាអត្តពលិករបស់យើង ឲ្យបានមកកាន់ប្រទេសកម្ពុជា និងសប្បាយរីករាយក្នុងការប្រកួត សប្បាយក្នុងការចូលរួមគ្រប់ព្រឹត្តិការណ៍ ក្នុងអំឡុងពេលប្រកួត សប្បាយរីករាយ ក្នុងការធ្វើទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

ទី៥៖ សូមនាយបេសកកម្ម មន្រ្តី ថ្នាក់ដឹកនាំ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលជា DNA របស់កីឡា សូមយកចិត្តទុកដាក់ធ្វើឲ្យបងប្អូនជនមានពិការភាពមានមោទនភាពខ្ពស់ សម្រាប់ការរៀបចំអាស៊ានប៉ារ៉ា-ហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

៦៖ ចំណុចចុងក្រោយនេះ ជាចំណុងចាំបាច់ និងសំខាន់បំផុត សូមនាយបេសកកម្ម អ្នកបច្ចេទេស សហព័ន្ធកីឡា សមាជិក ថ្នាក់ដឹកនាំសហព័ន្ធកីឡាជនពិការអាស៊ាន និងបងប្អូនជនពិការទាំងអស់ សូមផ្តល់នៅកិត្តិយស ឧត្តមភាព និងធ្វើការចែករំលែកនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជា ទៅក្នុងតំបន់អាស៊ាន តំបន់អាស៊ី និងពិភពលោក។ កម្ពុជារងចាំទទួលស្វាគមន៍ជានិច្ច រាល់ការអញ្ជើញត្រឡប់មកវិញក្រោយពីការប្រកួតកីឡា SEA GAME-ASEAN PARA GAMES ក្នុងឱកាសជាទេសចរណ៍ ជាមុខរបរ ឬជាការវិនិយោគទុនផ្សេងៗទៀត ដើម្បីឲ្យកម្ពុជា សហគមន៍អាស៊ាន អាស៊ី និងពិភពលោក ទទួលបាននូវការបង្កើនសេដ្ឋកិច្ច ក្នុងសហគមន៍របស់ខ្លួន ពិសេសដល់បងប្អូនជនពិការយើង នៅក្នុងតំបន់នីមួយៗ ទទួលបានការគាំទ្រ សេដ្ឋកិច្ច និងផ្តលឱកាសអនុវត្តគ្រប់សកម្មភាពក្នុងសង្គម រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។

សម្តេចបានថ្លែងបែបនេះ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមផេក យុវជន ៧មករា បានបង្ហោះមុននេះបន្តិច ។

សូមបញ្ជាក់ផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ត្រូវបានបញ្ចប់៕