2023-03-22 02:03
450

 វ៉ាស៊ីនតោន៖ មន្ត្រីយោធាអាមេរិក បាននិយាយថា មន្ទីរបញ្ចកោណកំពុងតែពន្លឿនដំណើរការបញ្ជូនរថក្រោះឈ្មោះ អាប្រាម (Abrams) ទៅកាន់ប្រទេសអ៊ុយក្រែនដោយសម្រេចបញ្ជូនរថក្រោះម៉ូដែលចាស់ទៅមុនសិន បន្ទាប់ពីបានជួសជុលកែលម្អឡើងវិញរួចរាល់ហើយ និងអាចប្រយុទ្ធនៅក្នុងសង្រ្គាមបាន ក្នុងរយៈពេលយ៉ាងហោចណាស់ពី៨ខែ ទៅ១០ខែទៀត។ 

 ផែនការដំបូង គឺគ្រោងបញ្ជូនឲ្យអ៊ុយក្រែននូវរថក្រោះចំនួន៣១គ្រឿង ជាប្រភេទម៉ូដែលថ្មី ឈ្មោះ អាប្រាម អឹម១អេ២ (Abrams M1A2) ប៉ុន្តែអាចចំណាយពេលរហូតដល់មួយឆ្នាំ ឬពីរឆ្នាំទៀត ទើបអាចផលិត និងដឹកជញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែនបាន។ ដូច្នេះទើបមន្ត្រីរដ្ឋាភិបាលអាមេរិក ត្រូវសម្រេចចិត្តដូរយករថក្រោះប្រភេទម៉ូដែលចាស់ឈ្មោះ អាប្រាម អឹម១អេ១ (Abram M1A1) ដែលត្រូវយកចេញពីឃ្លាំងស្តុករបស់កងទ័ពអាមេរិក ហើយអាចបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែន មុនដំណាច់ឆ្នាំ២០២៣នេះ។ 

មន្ត្រីយោធាអាមេរិក បាននិយាយថា រថក្រោះប្រភេទម៉ូដែលចាស់ឈ្មោះ អាប្រាម អឹម១អេ១ ក៏មានភាពងាយស្រួលដល់កងកម្លាំងអ៊ុយក្រែន សម្រាប់រៀនប្រើប្រាស់ និងជួសជុលវាផងដែរ ជាពិសេសនៅពេលចូលប្រយុទ្ធក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ មន្ត្រីដដែល បាននិយាយកាលពីម្សិលមិញក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែផែនការនេះមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយ ខណៈមន្ត្រីមន្ទីរបញ្ចកោណ ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយ។ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បាយដិន (Joe Biden) បានប្រកាសកាលពីខែមករា ឆ្នាំ២០២៣ថា ខ្លួននឹងបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន ប៉ុន្តែបានប្រកែកជាច្រើនខែថា រថក្រោះប្រភេទម៉ូដែលថ្មីឈ្មោះ អាប្រាម អឹម១អេ២ មានបច្ចេកទេសស្មុគស្មាញពេក អាចធ្វើឲ្យកងទ័ពអ៊ុយក្រែនពិបាកថែទាំ និងជួសជុលខ្លាំងពេក។ ការសម្រេចចិត្តប្រកាសផ្តល់រថក្រោះប្រភេទម៉ូដែលថ្មី នាពេលនោះក៏ជាការសាកល្បងផ្នែកយុទ្ធសាស្ត្រនយោបាយដ៏សំខាន់ ដើម្បីឲ្យប្រទេសអាល្លឺម៉ង់ ហ៊ានប្រកាសបញ្ជូនរថក្រោះប្រភេទម៉ូដែលថ្មីរបស់ខ្លួន ឈ្មោះ ឡេអូផាត ២ (Leopard 2) ទៅកាន់អ៊ុយក្រែន ហើយអនុញ្ញាតឲ្យប្រទេសប៉ូឡូញ និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ហ៊ានប្រកាសផ្តល់រថក្រោះឲ្យអ៊ុយក្រែនដែរ។ 

គេមិនច្បាស់ទេថា តើឆាប់ៗខាងមុខនេះ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបណ្តុះបណ្តាលដល់កងកម្លាំងអ៊ុយក្រែនអំពីរបៀបប្រើប្រាស់ ថែទាំ និងជួសជុលរថក្រោះប្រភេទនេះនោះទេ។ គោលបំណងនៃការហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន ក៏អាចស្របគ្នានឹងពេលត្រូវជួសជុលកែលម្អរថក្រោះឡើងវិញផងដែរ ដើម្បីឲ្យចេះព្រមគ្នា គឺចេះទាំងប្រើ និងចេះជួសជុល នៅពេលប្រយុទ្ធនៅចុងឆ្នាំ២០២៣នេះ។ មន្ត្រីមន្ទីរបញ្ចកោណក៏ត្រូវធានាថា កងកម្លាំងអ៊ុយក្រែនមានខ្សែសង្វាក់ផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការគ្រប់ផ្នែក ដើម្បីថែទាំ និងជួសជុលរថក្រោះឲ្យនៅដំណើរការបានយូរអង្វែង។ ការបញ្ជូនរថក្រោះណាមួយទៅឲ្យអ៊ុយក្រ័ន ទំនងជាមិនកើតឡើងក្នុងពេលឆាប់ៗនោះទេ នៅពេលទាហានរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការវាយលុកកាន់តែខ្លាំង នៅពេលផុតរដូវរងារធ្លាក់ទឹកកកខាងមុខនេះ។ 

Leopard 2A4 - Turkish Army | Turkish army, Military, Military vehicles

សព្វថ្ងៃនេះ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បំផុត​ បាន​កើត​ឡើង​នៅ​តំបន់ ដូណែត (Donetsk) ភាគ​ខាង​កើតអ៊ុយក្រែន ជា​កន្លែង​ដែល​រុស្ស៊ី​ កំពុងតែឡោម​ព័ទ្ធ​ទីក្រុង បាក់មុត (Bakhmut) ដើម្បីវាយបំបែកខ្សែត្រៀមការពារ​របស់អ៊ុយក្រែន។ អភិបាលស្រុករបស់អ៊ុយក្រែនម្នាក់ បាននិយាយតាមកញ្ចក់ទូរទស្សន៍អ៊ុយក្រែន កាលពីម្សិលមិញថា ការបាញ់ផ្លោងរបស់រុស្ស៊ីនៅទីនោះ កាលពីថ្ងៃមុនបានសម្លាប់ជនស៊ីវិលម្នាក់ និងរងរបួសម្នាក់។ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតរថក្រោះប្រភេទម៉ូដែលឈ្មោះ អាប្រាម ក្នុងរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ បានជួបពិភាក្សាជាមួយមន្ត្រីរោងចក្រនៅទីនោះ ដើម្បីរកជម្រើសម៉ូដែលរថក្រោះដ៏ល្អបំផុតសម្រាប់យកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែន។ មន្ត្រីយោធារូបនេះ បាននិយាយនៅពេលនោះថា "គេកំពុងស្រាជ្រាវរកផ្នែកមួយរបស់រថក្រោះ ដែលជាជម្រើសដ៏ល្អបំផុតអាចឲ្យយើងអាចកែច្នៃផលិតប្រភេទរថក្រោះសម្រាប់ប្រទេសអ៊ុយក្រែន ឲ្យបានទាន់ពេលវេលា ដោយមិនប៉ះពាល់ដល់រថក្រោះទុកសម្រាប់ឲ្យយោធាបរទេសឡើយ"។ ចំណែកមន្ត្រីមកពីក្រុមហ៊ុនផលិតរថក្រោះមួយទៀត ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ វីជីនៀ សហរដ្ឋអាមេរិក បាននិយាយថា បរិមាណផលិតអាចប្រែប្រួល ដោយផ្អែកលើតម្រូវការតាមកិច្ចសន្យាជាក់ស្តែង ខណៈពេលបច្ចុប្បន្ននេះ រោងចក្រកំពុងតែផលិតរថពាសដែក និងរថក្រោះ ពី១៥ ទៅ២០គ្រឿងក្នុងមួយខែ ដូច្នេះគេអាចបង្កើនបរិមាណផលិតបានយ៉ាងងាយស្រួលរហូតដល់៣៣គ្រឿង ក្នុងមួយខែ ព្រមទាំងអាចបន្ថែមម៉ោងធ្វើការសម្រាប់បុគ្គលិកទៀតផង ដើម្បីបន្តផលិតបន្ថែមទៀត តាមតម្រូវការចាំបាច់។ ការផលិតប្រភេទម៉ូដែលរថក្រោះសម្រាប់អ៊ុយក្រែននឹងត្រូវច្របាច់បញ្ចូលគ្នាជាមួយម៉ូដែលរថក្រោះ នៅក្នុងកិច្ចកិច្ចសន្យាបច្ចុប្បន្នសម្រាប់លក់ឲ្យយោធាបរទេស ដែលរួមមានរថក្រោះថ្មីបំផុត២៥០គ្រឿងសម្រាប់លក់ឲ្យប្រទេសប៉ូឡូញ និងប្រហែល៧៥គ្រឿងសម្រាប់លក់ឲ្យប្រទេសអូស្ត្រាលី។

មេដឹកនាំ​អ៊ុយក្រែន​ បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំងលើអាមេរិក ឲ្យបញ្ជូនរថក្រោះឈ្មោះ អាប្រាម អឹម១អេ២ ដែលត្រូវបានគេដាក់​ពង្រាយ​ជា​លើក​ដំបូង​ ក្នុង​សង្គ្រាម​ឈូងសមុទ្រពែក កាលពីឆ្នាំ១៩៩១។ រថក្រោះនេះមាន​ពាសដែក​ក្រាស់ បំពាក់កាំភ្លើង​ធំ១២០មីលីម៉ែត្រ មានសមត្ថភាព​បាញ់​ត្រង់ និង​មានប្រព័ន្ធ​កំណត់​គោលដៅ​យ៉ាងទំនើប។ រថក្រោះនេះប្រើមាន​ម៉ាស៊ីន​ទួរប៊ីន​កម្លាំង១ ៥០០សេះ និង មាន​ល្បឿន​បើកបរអតិបរមា​ប្រហែល៦៨គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕