2024-02-28 06:02
103

 រដ្ឋធានីម៉ានីល៖ ជាមួយនឹងបញ្ហាភូមិសាស្រ្ដនយោបាយ កាន់តែតានតឹង នៅលើពិភពលោកនោះ មេដឹកនាំហ្វីលីពីន ក៏កំពុងតែបង្ហាញការព្រួយបារម្ភយ់ាងខ្លាំង អំពីបញ្ហាជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង ខណៈមានការប្រឈមមុខដាក់គ្នាជាញឹកញាប់។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ហ្វ័រឌីណង់ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន កាលពីព្រឹក ថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) បានបញ្ជាក់ ថា ការដាក់ពង្រាយនាវារបស់កងទ័ពជើងទឹកចិន នៅក្នុងសមុទ្រចិនខាងត្បូង កំពុងតែក្លាយជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភខ្លាំងបំផុត។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង ក៏មិនអាចគំរាមកំហែង ឬ បន្លាចដល់កងទ័ពហ្វីលីពី អំពីកិច្ចការពារដែនសមុទ្រ និង អ្នកនេសាទរបស់ខ្លួននោះដែរ សមុទ្រចិនខាងត្បូង មានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ ហើយជាផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដោយមានពាណិជ្ជកម្មទំហំ៣ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ រីឯក្រុងប៉េកាំង បានអះអាងស្ទើរតែទាំងស្រុង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ចិន។ ជាមួយនឹងអះអាងបែបនេះ ទើបបង្កឲ្យជម្លោះជាមួយនឹងបណ្ដាប្រទេសនានា នៅក្នុងតំបន់ រួមមាន វៀតណាម ហ្វីលីពីន ប៊្រុយណេ និង ម៉ាឡេស៊ី។ដោយឡែក កងឆ្មាំសមុទ្ររបស់ហ្វីលីពីន បានល្បាតប្រទះឃើញវត្តមាននាវាជាច្រើនគ្រឿងរបស់កងទ័ពជើងទឹកចិន នៅឯតំបន់ថ្មប៉ប្រះទឹក ដែលកំពុងតែមានវិវាទ Scarborough Shoal ស្ថិតក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីសប្ដាហ៍មុន។ 

កងឆ្មាំសមុទ្រហ្វីលីពីន បានបញ្ជាក់  ថា នាវារបស់ BFAR ត្រូវបានតាមដេញ និង រារាំងដោយនាវាឆ្មាំសមុទ្រចិន ខណៈកំពុងតែបំពេញបេសកកម្ម ផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ក្រុមអ្នកនេសាទហ្វីលីពីន នៅក្នុងតំបន់នោះ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក្រុងម៉ានីល នឹងនៅតែបន្តគាំទ្រដល់ក្រុមអ្នកសាទហ្វីលីពីន បើទោះជាចិនមានការប៉ុនប៉ងរារាំងយ៉ាងណាក៏ ដោយ៕