2024-02-06 11:02
109

រដ្ឋធានីកៀវ៖ ស្របពេលខួបគម្រប់២ឆ្នាំ នៃការលុកលុយរបស់រុស្ស៊ី នឹងចូលមកដល់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នោះ មានការរំពឹងទុក អំពីអនាគតរបស់មេទ័ពកំពូលរបស់អ៊ុយក្រែន លោក វ៉ាឡែរី ហ្សាលូស្នី (Valery Zaluzhny) នឹងមានភាពរង្គោះរង្គើ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានអះអាង អំពីគម្រោងនឹងរុះរើមេទ័ពកំពូល និង ក្រុមអ្នកនយោបាយជាន់ខ្ពស់របស់ប្រទេស ដែលកំពុងតែហែកហួរដោយសារសង្គ្រាមមួយនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកប្រធានាធិបតី ហ្សេឡេនស្គី បានបញ្ជាក់ ថា គាត់មានគម្រោងរុះរើមេទ័ពកំពូល និង អ្នកនយោបាយជាន់ខ្ពស់មួយចំនួន នៅក្នុងប្រទេសអ៊ុយក្រែន។

បើតាមការធ្វើអត្ថាធិប្បាយ នៅលើបណ្ដាញទូរទស្សន៍របស់អ៊ីតាលី RAI TV នៅក្នុងការផ្សាយអំពីបទសម្ភាសន៍មួយ កាលពីល្ងាច ថ្ងៃអាទិត្យ បានកើតឡើង ក្រោយការរំពឹងទុក អស់រយៈពេលជាច្រើនសប្ដាហ៍ អំពីលោកប្រធានាធិបតី ហ្សេឡែនស្គី មានគោលបំណងបណ្ដេញលោក វ៉ាឡេរី ហ្សាលូស្នី នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន ចេញពី                         តំណែង។

លោកប្រធានាធិបតី ហ្សេឡេនស្គី បានសង្កត់ធ្ងន់ ថា «ការកំណត់ឡើងវិញ ការចាប់ផ្តើមថ្មីគឺជាការចាំបាច់ ហើយវាមិនមែនអំពីមនុស្សតែម្នាក់ទេ ប៉ុន្តែនិយាយ អំពីទិសដៅ នៃការដឹកនាំរបស់ប្រទេស។ ខ្ញុំកំពុងតែគិតអំពីការជំនួសនេះ ប៉ុន្តែអ្នកមិនអាចនិយាយ ថា នៅទីនេះយើងបានជំនួសមនុស្សតែម្នាក់នោះឡើយ»។

លោកប្រធានាធិបតី ហ្សេឡេនស្គី បានតែងតាំងលោកឧត្ដមសេនីយ៍ ហ្សាលូស្នី ជាមេទ័ពកំពូលរបស់អ៊ុយក្រែន អស់រយៈពេលជាច្រើនខែ នៅមុនពេលរុស្ស៊ី បានចូលឈ្លានពាន នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ មេទ័ពកំពូលរូបនេះ ក្លាយជាមនុស្សមានប្រជាប្រិយយ៉ាងខ្លាំងជាមួយនឹងកងទ័ព និង ប្រជាជនទូទៅ។ គាត់បានបដិសេធ អំពីការរំពឹងទុក ថា គាត់មានមហិច្ឆតាខាងនយោបាយ។

មេទ័ពកំពូលរូបនេះ និង លោកប្រធានាធិបតី ហ្សេឡែនស្គី បានកើតមានជម្លោះជាមួយគ្នា ជុំវិញដំណើរការនៃសង្រ្គាម ដោយសារប្រទេសនេះ កំពុងតែជួបប្រទះនឹងបញ្ហា ដោយសារគ្រាប់រំសេវធ្លាក់ចុះទាប កង្វះបុគ្គលិក បន្ទាប់ពីការវាយលុកមិនទទួលបានសម្រេច និង មានតម្រូវការកងទ័ពបន្ថែមទៀត។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ អំពីការតស៊ូរបស់ក្រុងកៀវ (Kyiv) នៅក្នុងការបណ្តេញកងកម្លាំងរុស្ស៊ី ក្រោយការដាក់បញ្ចូលឧបទ្វីបគ្រីមៀ (Crimea) នៅឆ្នាំ២០១៤ ការកាន់កាប់ផ្នែកខ្លះនៃដុនបាស (Donbas) និង ការលុកលុយ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ថា «នៅពេលយើងនិយាយអំពីរឿងនេះ ខ្ញុំចង់មានន័យ ថា ការជំនួសមេដឹកនាំរដ្ឋជាបន្តបន្ទាប់ មិនមែនតែក្នុងវិស័យយោធាតែមួយនោះឡើយ។ បើយើងចង់ឈ្នះ យើងទាំងអស់គ្នា ត្រូវតែជំរុញទិសដៅតែមួយ ដោយការជឿជាក់ ថា យើងនឹងទទួលបានជ័យជម្នះ; យើងមិនអាចបាក់ទឹកចិត្តនោះទេ យើងត្រូវតែមានថាមពលជាវិជ្ជមានដ៏ត្រឹមត្រូវ»។

លោកប្រធានាធិបតី ហ្សេឡេនស្គី កាលពីចុងឆ្នាំ២០២៣ បានច្រានចោលនូវការកេណ្ឌទ័ព ចំនួន ៥០០ ០០០នាក់ នាំមកធ្វើសង្គ្រាម វាយបកទៅលើទាហានរុស្ស៊ី ហើយបញ្ហានេះ ត្រូវការយល់ដឹងអំពីតម្រូវការ និង ការចំណាយទៅលើវិស័យយោធា៕