2024-01-25 03:01
121

រដ្ឋធានីសាណា៖ មន្រ្ដីសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាង អំពីក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងតែកាន់កាប់តំបន់ជាច្រើន នៅក្នុងប្រទេសយេមែន កាលពីថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានវាយប្រហារដោយមីស៊ីល ទៅលើនាវាចំនួន២គ្រឿង មានដាក់ទង់ជាតិសហរដ្ឋអាមេរិក ហើយមីស៊ីលចំនួន២គ្រាប់ ត្រូវបានបាញ់ស្ទាក់ចាប់ និង មួយគ្រប់ផ្សេងទៀត បានបាញ់ខុសគោលដៅ។ នេះបើតាមសារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា។

 កងកម្លាំងសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានរួមគ្នាវាយប្រហារ ចំនួនពីរលើក នៅក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់ក្រុមឧទ្ទាមហ៊ូទី ដែលកំពុងតែបង្កការរំខានដល់ផ្លូវដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក នៅសមុទ្រក្រហម។ ស្របគ្នានេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏បានវាយឆ្មក់តាមអាកាសជាឯកតោភាគីបន្តបន្ទាប់ ដោយប្រើប្រាស់មីស៊ីល ទៅលើគោលដៅនានារបស់ក្រុមឧទ្ទាមហ៊ូទី។ 

 ដោយឡែក ក្រុមសកម្មប្រយុទ្ធហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានប្តេជ្ញា បន្តការវាយប្រហារទៅលើកប៉ាល់នានា តាមអ្វីដែលពួកគេចាត់ទុកនាវាទាំងនោះ មានគោលដៅទៅកាន់ប្រទេសអ៊ីស្រាអែល៕