2024-02-19 04:02
104

រដ្ឋធានីកៀវ៖ ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាដល់កងទ័ពរបស់គាត់ បើកទ្វារព្រំដែន វាយចូលលុកលុយទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ គឺមានរយៈពេល៧២៦ថ្ងៃកន្លងមកហើយ ខណៈការប្រយុទ្ធកំពុងតែបន្ដ ប៉ុន្ដែឥឡូវ អ៊ុយក្រែន បានអះអាងពីការបាញ់ទម្លាក់យន្ដហោះទម្លាក់គ្រាប់បែកដ៏ទំនើបរបស់រុស្ស៊ី ចំពេលក្រុងមូស្គូ បានអួតអាង អំពីការគ្រប់គ្រងបានទាំងស្រុង នៅក្នុងទីក្រុងអាឌីវកា (Avdiivka)។

បណ្ដាញទូរទស្សន៍របស់អាល្លឺម៉ង់ DW បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន អះអាង អំពីប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះទម្លាក់គ្រាប់បែកដ៏ទំនើបមួយគ្រឿងរបស់រុស្ស៊ី ប្រភេទ SU-34  និង បាញ់ទម្លាក់ដ្រូន ចំនូន១២គ្រឿង កាលពីយប់មិញស្របគ្នានេះ កងទ័ពអ៊ុយក្រែន បានទប់ស្កាត់ការវាយប្រហារ នៅលើសមរភូមិ នៅភាគខាងត្បូង។

លោក មីកូឡា អូឡេសឈូក (Mykola Oleshchuk) មេបញ្ជាការកងទ័ពអាកាសរបស់រុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) ថា កងទ័ពអ៊ុយក្រែន បានបាញ់ទប់ស្កាត់ និង កម្ទេចដ្រូន ចំនួន១២គ្រឿង ដែលរុស្ស៊ី បានវាយប្រហារមកលើប្រទេសអ៊ុយក្រែន កាលពីយប់មិញ ដោយរួមទាំងការបំផ្លាញមីស៊ីលគ្រូស KH-59 ចំនួន១ដើម និង យន្ដហោះទម្លាក់គ្រាប់បែក Su-34 (ស៊ូ-៣៤) មួយគ្រឿងផងដែរ។

ស្របគ្នានេះដែរ រុស្ស៊ី ក៏បានអួតអាងវិញ ថា  កម្លាំងទាហានរបស់ខ្លួន បានគ្រប់គ្រងទាំងស្រុង ទៅលើទីក្រុងអាវឌីវកា (Avdiivka) ស្ថិតក្នុងតំបន់ដូណែត (Donetsk) របស់អ៊ុយក្រែន ក្រោយពេលកងទ័ពរបស់ក្រុងកៀវ បានដកចេញ។ រីឯកងទ័ពមួយចំនួនរបស់អ៊ុយក្រែន នៅតែជាប់ នៅក្នុងរោងចក្រផលិតកូកាកូឡាដ៏ធំល្វឹងល្វើយ នៅសម័យសូវៀត ក្រោយពេលមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅក្នុងសង្គ្រាមនេះ។ ការដួលរលំទីក្រុងអាវឌីវកានេះ នឹងធ្វើឲ្យរុស្ស៊ី ចំណេញដ៏ធំបំផុត ចាប់តាំងពីការដណ្តើមយកទីក្រុងបាក់មូត (Bakhmut) នៅក្នុងខែឧសភា ឆ្នាំ២០២៣។

បើទោះជាយ៉ាងណា មន្រ្ដីក្រុងកៀវ នៅតែអះអាង ថា ទីក្រុងអាវឌីវកា កំពុងតែស្ថិតក្នុងដៃរបស់កងទ័ពអ៊ុយក្រែន នៅឡើយ។ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានឆក់យកជីវិតទាហានទាំងសងខាង អស់រាប់សែននាក់ និង បំផ្លិចបំផ្លាញប្រទេសអ៊ុយក្រែន យ៉ាងដំណំ ហើយប្រទេសអឺរ៉ុបខាងកើតមួយនេះ នឹងត្រូវការថវិកា ប្រហែលកន្លះពាន់ពាន់លានដុល្លារ សម្រាប់សាងសង់ប្រទេសឡើងវិញ។

បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានឲ្យដឹង ថា  បើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ រុស្ស៊ី បានបាត់បង់កម្លាំងទាហាន ចំនួន ៤០៣ ៧២០នាក់ នៅលើសមរភូមិប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន ដោយរាប់បញ្ចូលទាហានរុស្ស៊ី បាត់បង់ជីវិត ចំនួន ១ ២៩០នាក់ កាលពី២៤ម៉ោងនេះ។

ប្រភពព័ត៌មានដដែល បានបន្ដ ថា នៅក្នុងអំឡុងពេលសង្គ្រាម រយៈពេលជាង៧២០ថ្ងៃកន្លងមកនេះ អ៊ុយក្រែន បានវាយប្រហារកម្ទេចគ្រឿងចម្បាំងទំនើបៗរបស់រុស្ស៊ី មានតម្លៃរាប់សិបពាន់លានដុល្លារ រួមមាន កម្ទេចយន្ដហោះចម្បាំង ចំនួន ៣៣៦គ្រឿង,             ឧទ្ធម្ភាគចក្រ ចំនួន ៣២៥គ្រឿង, នាវាមុជទឹក ចំនួន១គ្រឿង, នាវាចម្បាំងតូចធំ ចំនួន២៥គ្រឿង, រថក្រោះប្រយុទ្ធ ចំនួន ៦ ៤៩៨គ្រឿង, រថពាសដែក ចំនួន ១២ ២៣២គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន ៩ ៧៣៣គ្រឿង និង គ្រឿងសឹកជាច្រើនទៀតផងដែរ។