2023-11-14 10:11
241

លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំង ក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាល តាមរយៈការជួយដល់ការបណ្ដុះបណ្ដាល ធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ និងវប្បធម៌នឹងបញ្ចូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណ ព្រះបរមរាជវាំង។

លោក MACRON បានប្តេជ្ញាចិត្តបែបនេះ នៅក្នុងព្រះរាជសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក នៅវិមានប្រធានាធិបតីបារាំង Élysée នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាស នៃព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង។

លោក Emmanuel MACRON ប្រធាធិបតីបារាំង បានថ្វាយព្រះពរស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រះវត្តមានព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា។ ព្រះករុណាព្រះមហាបានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Emmanuel MACRON កាលពីខែធ្នូកន្លងទៅផងដែរ។

ព្រះករុណាព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយគ្រប់រូបភាពដែល រដ្ឋាភិបាលបារាំង បានផ្ដល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ទាំងនេះបង្ហាញពីការយកចិត្ត ទុកដាក់របស់បារាំង ចំពោះប្រទេសកម្ពុជា។

ព្រះករុណាព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្តររដ្ឋាភិបាល «ស្តីពី ការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ» រយៈពេល ១០ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវនៃព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»។ គំនិតផ្ដួចផ្ដើមនេះត្រូវបាន រដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ព្រះករុណាព្រះមហាក្សត្រ ក៏បានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ (១) គម្រោងនៃការសិក្សាការ ជួសជុល និងការពង្រីកសារមនី្ទរជាតិ ដោយអ្នកជំនាញរបស់បារាំង, (២)កិច្ចសហប្រតិបត្តិការរវាងសារមនី្ទរជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណ ខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។

ជាកិច្ចឆ្លើយតប លោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំង ក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្ដុះបណ្ដាល ធនធានមនុស្ស, ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស, ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

លោក Emmanuel MACRON បានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុងការជួយដល់វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ។

លោក Emmanuel MACRON បានចាត់ទុក ថា «ជោគជ័យនៃយន្តការអន្តររដ្ឋាភិបាល ស្តីពីការអភិរក្ស រមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម»។
តបនឹងព្រះរាជសំណើរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកប្រធានាធិបតីបារាំង បានសន្យាថា «នឹងបញ្ចូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណ ព្រះបរមរាជវាំង»។

ដោយបានដឹងថាកម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៏សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី លោក MACRON ប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា។

ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល ថា «កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាព រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦» ហើយព្រះអង្គទ្រង់មានព្រះរាជតម្រិះថា «ការគាំទ្ររបស់បារាំង មានតម្លៃយ៉ាងខ្លាំងពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់បារាំងនៅអាស៊ី»។

ក្នុងព្រះរាជសវនាការ លោក Emmanuel MACRON បានសូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៤។ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានក៏សូមអញ្ជើញលោកប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងលោកជំទាវចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។លោកប្រធានាធិបតីក៏បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួមផងដែរ។

សូមជម្រាបថា ព្រះករុណាព្រះមហាក្សត្រ នៃកម្ពុជាសព្វព្រះរាជហាទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅ សាធារណរដ្ឋបារាំង៕