2024-02-13 11:02
108

ទីក្រុងឌូបៃ៖   ស្របពេលមេដឹកនាំពិភពលោក និង ប្រមុខរដ្ឋជាច្រើន កំពុងតែជួបប្រជុំគ្នា នៅក្នុងកិច្ចប្រជុំកំពូលរបស់រដ្ឋាភិបាលពិភពលោក ឆ្នាំ២០២៤ នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ឬ អារ៉ាប់អេមីរ៉េត នោះ រដ្ឋមន្រ្ដីរបស់ប្រទេសនេះ បានព្រមាន ថា ប្រាក់ប្រហែល១៧លានលានដុល្លារ ត្រូវបានចំណាយទៅលើសង្គ្រាម និង ជម្លោះ នៅក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ហើយចំនួននេះ បានចំណាយយ៉ាងច្រើនលើសពីការចំណាយទៅលើវិស័យសំណង់ ការអប់រំ និង សុខាភិបាល។ នេះបើតាមបណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃ ទី១៣ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ម៉ូហាមមេដ អាប់ឌូឡះ អាល់-ហ្គើហ្កាវី (Mohammed Abdullah al-Gergawi) រដ្ឋមន្រ្ដីទីស្ដីការគណៈរដ្ឋមន្រ្ដីអារ៉ាប់រួម (UAE) បានបញ្ជាក់ នៅក្នុងអំឡុងពេលបើកកិច្ចប្រជុំកំពូលរដ្ឋាភិបាលរបស់ពិភពលោក ឆ្នាំ២០២៤ កាលពីថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ) ថា  កិច្ចប្រជុំកំពូលនេះ មានគោលបំណងផ្តោតលើឱកាសនៅលើលំហដ៏ធំទូលាយ សម្រាប់វឌ្ឍនភាព និង ការអភិវឌ្ឍន៍នៅទូទាំងភពផែនដី។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី បានចង្អុលបង្ហាញ អំពីតួលេខសំខាន់ៗដែលតំណាងឱ្យនិន្នាការរបស់ពិភពលោក និង សូចនាករ នៃការអភិវឌ្ឍន៍សកល ដែលបង្កបញ្ហាប្រឈម ដល់អនាគតរបស់ពិភពលោក។

លោករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា ប្រាក់ចំនួន ១៧ពាន់ពាន់លានដុល្លារអាមេរិក ($17 trillion ឬ ១៧លានលានដុល្លារ) បានចំណាយទៅលើជម្លោះ និង អំពើហិង្សា នៅជុំវិញពិភពលោក នៅក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ លុយដ៏ច្រើនមហាសាលទាំងនេះ មិនត្រូវបានវិនិយោគទៅលើវិស័យសំណង់ អប់រំ និងសុខភាពនោះឡើយ ប៉ុន្តែបែរជាត្រូវចំណាយទៅលើសង្គ្រាម និង ជម្លោះបំផ្លិចបំផ្លាញទៅវិញ។ កត្ដាទាំងនេះត្រូវបានជំរុញ ដោយភាពចលាចលនៅតាមប្រព័ន្ធផ្សព្វផ្សាយ ការភ័យខ្លាច អំពីអនាគត និង ការរំពឹងទុក ថា វានឹងផ្ដល់ផលអាក្រក់បំផុត។ ម្យ៉ាងវិញទៀត លុយប្រហែលប្រាំមួយភាគរយ នៃចំនួនទាំងថវិកាទាំងនេះ អាចចំណាយលើបញ្ហាប្រឈមដ៏សំខាន់បំផុត ដែលមនុស្សជាតិ ប្រឈមមុខ នៅក្នុងរយៈពេលមួយឆ្នាំ។ ជាឧទាហរណ៍ វាអាចបំបាត់ភាពអត់ឃ្លាន និង អក្ខរកម្ម ព្យាបាលជំងឺមហារីក និង ផ្តល់ទឹកស្អាតដល់មនុស្សជាតិ។ បើស្រមៃមើល ថាតើអ្វីដែលអាចសម្រេចបាន ប្រសិនបើយើងវិនិយោគបន្ថែម នៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត ដែលមនុស្សជាតិ កំពុងតែជួបប្រទះ។

លោករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា អ្វីដែលបង្រួបបង្រួមយើង នៅក្នុងនាមជាមនុស្សជាតិ គឺត្រូវតែធ្វើឲ្យច្រើនជាងអ្វីដែលបែងចែកយើង។ រីឯធនធាននៅលើភពផែនដី មានគ្រប់គ្រាន់សម្រាប់យើង និង សម្រាប់មនុស្សជំនាន់ក្រោយ ប្រសិនបើយើងវិនិយោគបានល្អ និង ប្រើប្រាស់ សម្រាប់មនុស្សជាតិ ដូចអ្វីដែលគេនិយាយមក វាមិនមែនមានអ្នកខ្លាំងឈ្នះសង្គ្រាមនោះឡើយ ប៉ុន្តែអ្នកទន់ខ្សោយ បានបាត់បង់សន្តិភាព។ ៥០ភាគរយ នៃកំណើនរបស់ពិភពលោក គឺបានមកពីប្រទេសចិន និង ឥណ្ឌា ដែលប្រទេសពីរ នឹងកំណត់អនាគត នៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក៕