2024-01-31 04:01
111

រដ្ឋធានីប៉េកាំង៖ បុរសស្រ្ដី២នាក់ជាគូស្នេហ៍នឹងគ្នា បែរជាមានចិត្តសាហាវព្រៃផ្សៃ បានចាប់កូន ចំនួន២នាក់គ្រវែងចេញទៅក្រៅតាមបង្អូច ហើយឃ្លីបវីដេអូនោះ ត្រូវបានគេចែកចាយព្រោងព្រាត នៅលើបណ្ដាញសង្គម ទើបបង្កឲ្យផ្ទុះការរិះគន់ និងមានការខឹងសម្បាយ៉ាងខ្លាំង ពីសាធារណជន ទើបតុលាការ នៃប្រទេសចិន បានសម្រេចកាត់ទោសប្រហារជីវិតពួកគេ នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរបស់បារាំង AFP ។

តុលាការ នៃប្រទេសចិន បានរកឃើញទោសកំហុសរបស់លោក  ហ្សាង បូ (Zhang Bo) និង អ្នកស្រី យេ ឆេងឆេន (Ye Chengchen) ពាក់ព័ន្ធនឹងហេតុការណ៍ធ្វើឲ្យក្មេងស្រី អាយុ២ឆ្នាំ និងក្មេងប្រុស អាយុ១ឆ្នាំ ធ្លាក់ពីលើអគារស្នាក់នៅ មានកម្ពស់១៥ជាន់ ស្ថិតក្នុងទីក្រុងឆុងហ្គីង  (Chongqing) នាភាគនិរតី ប្រទេសចិន។ លោក ហ្សាង បូ ជាឪពុកបង្កើតរបស់ក្មេងតូចទាំង២នាក់ខាងលើ នេះ បានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយនាង យេ ឆេងឆេន (Ye Chengchen) ខណៈដំបូងឡើយ នាងមិនបានដឹង ថា គូស្នេហ៍របស់ខ្លួនរៀបការរួច និងមានកូននោះឡើយ។

ក្រោយពេលបានដឹងការពិតរបស់បុរសសំណព្វចិត្តរបស់នាងរួចហើយ ស្រ្ដីរូបនេះ បានបញ្ចុះបញ្ចូលឱ្យបុរសសំណព្វចិត្តរបស់ខ្លួនសម្លាប់កូនទាំង២នាក់នោះចោល ព្រោះនាងចាត់ទុក ថា ក្មេងៗទាំងនេះ ក្លាយជាឧបសគ្គ ចំពោះការរៀបការរបស់ពួកគេទាំងពីរ និង ជាបន្ទុកដ៏លំបាកសម្រាប់ជីវិតរស់នៅជាមួយគ្នា នាពេលអនាគត។ លុះមកដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០២០ បុរសចិត្តខ្មៅរូបនេះ បាននាំកូនៗរបស់ខ្លួន គ្រវែងចោលតាមបង្អួចអគារខាងលើ ខណៈម្តាយរបស់ពួកគេមិននៅផ្ទះ។ បន្ទាប់មកលោក ហ្សាង ក៏បានព្រមព្រៀងលែងលះគ្នាជាមួយនឹងប្រពន្ធរបស់ខ្លួន។

ក្រោយពេលការស៊ើបអង្កេតយ៉ាងល្អិតល្អន់រួចមក តុលាការ នៃប្រទេសចិន បានសម្រេចផ្តន្ទាទោសប្រហារជីវិតដល់គូស្នេហ៍ទាំង២នេះ កាលពីខែធ្នូ ឆ្នាំ២០២១ ពីបទសមគំនិតគ្នាសម្លាប់កូនស្រី និង កូនប្រុសរបស់ខ្លួន តាមរយៈការក្លែងធ្វើជាហេតុការណ៍ធ្លាក់ដោយចៃដន្យ ពីជាន់ទី១៥ នៃអគារអាផាតមិនរបស់លោក ហ្សាង។ បើតាមសេចក្តីប្រកាសរបស់តុលាការ ពួកគេទាំងពីរ ត្រូវបានប្រហារជីវិត នៅថ្ងៃពុធ (ទី៣១ ខែមករា ឆ្នាំ២០២៤) ។