2024-01-29 04:01
113

រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិដ៏ធ្ងន់ធ្ងរ ក្រោយពេលពួកឧត្ដមសេនីយ៍យោធា បានដឹកនាំធ្វើរដ្ឋប្រហារ បណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបណ្ដាមេដឹកនាំអាស៊ាន កំពុងតែព្យាយាមស្រោចស្រង់ប្រទេសជាសមាជិករបស់ខ្លួនមួយនេះឲ្យ វិលទៅរកភាពប្រក្រតីឡើងវិញ។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Channel News Asia មានមូលដ្ឋាន នៅសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ ថា  ប្រមុខការទូតឥណ្ឌូណេស៊ី បានអះអាង ថា របបសឹកមីយ៉ាន់ម៉ា បានបញ្ជូនមន្រ្ដីរបស់ខ្លួន ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ាន នៅក្នុងប្រទេសឡាវ នៅថ្ងៃច័ន្ទ (ទី២៩ ខែមករា)នេះ។

 សកម្មភាពនេះ ស្របតាមគោលនយោបាយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីការចូលរួមរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានហែកហួរ ដោយជម្លោះ។
លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) ដែលកំពុងតែគ្រប់គ្រងរបបសឹក នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែត្រូវបានហាមឃាត់ ចូលរួមនៅក្នុងកិច្ចប្រជុំ          ខាន់ៗរបស់អាស៊ាន ដោយសារតែបរាជ័យ នៅក្នុងការអនុវត្ដនូវផែនការសន្ដិភាព ដែលបានព្រមព្រៀង ជាមួយមេដឹកនាំរបស់ប្លុកមួយនេះ ក្រោយពេលរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលនាំឲ្យកើតមានភាពវឹកវរ នៅក្នុងប្រទេស។

អាស៊ាន មានគោលនយោបាយ កោះអញ្ជើញមីយ៉ាន់ម៉ា ឱ្យបញ្ជូនអ្វីដែលខ្លួនហៅថា អ្នកតំណាង «មិននយោបាយ»ជំនួសវិញ ប៉ុន្តែរបបយោធាបានបដិសេធ អស់រយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយខឹងសម្បា ចំពោះអ្វីដែលខ្លួនហៅ អាស៊ាន កំពុងតែជ្រៀតជ្រែក ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ នៅក្នុងសារមួយផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយបានបញ្ជាក់ ថា លេខាធិការអចិន្ត្រៃយ៍ស្តីទី នៃក្រសួងការបរទេសមីយ៉ាន់ម៉ា លោក ម៉ាឡា            ថាន់ ហាធីគេ (Malar Than Htike) កំពុងតែចូលរួមក្នុងកិច្ចពិភាក្សា កាលពីថ្ងៃចន្ទ នៅក្នុងប្រទេសឡាវ។លោកស្រីរដ្ឋមន្រ្ដី ក្រសួងការបរទេសមីយ៉ាន់ម៉ា បានបន្ដថា «ចំណុចសំខាន់គឺមិនមានការផ្លាស់ប្តូរ នៅក្នុងគោលនយោបាយអាស៊ាននោះឡើយ។ បញ្ហារបស់មីយ៉ាន់ម៉ា នឹងមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់អាស៊ានទេ»។

កាលពីឆ្នាំមុន មេដឹកនាំអាស៊ាន បានដឹកនាំនូវកិច្ចខិតខំប្រឹងប្រែង នៅពីក្រោយឆាក ដើម្បីព្យាយាមចាប់ផ្តើមនូវការសន្ទនា រវាងភាគីសង្រ្គាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលកងជីវពលគាំទ្រលទ្ធិប្រជាធិបតេយ្យសម្ព័ន្ធមិត្ត ជាមួយនឹងរដ្ឋាភិបាល ស្រមោល និង កងទ័ពជនជាតិភាគតិច បានបះបោរប្រឆាំងនឹងរបបយោធា។ អំពើរដ្ឋប្រហាររបស់ពួកយោធា បានរុញច្រានប្រទេសមីយ៉ាន់ម៉ា ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាម            ស៊ីវិល ខណៈមនុស្សរាប់លាននាក់ ត្រូវផ្លាស់ប្ដូរទីលំនៅ៕