2023-04-07 04:04
482

ប៉េកាំង៖ ប្រធានាធិបតីបារាំង នាថ្ងៃនេះ បានជំរុញឲ្យប្រធានាធិបតីចិន ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោកប្រធានាធិបតីបារាំងបានប្រាប់លោក ស៊ី ជីនភីង នៅពេលចាប់ផ្តើមកិច្ចចរចា នៅទីក្រុងប៉េកាំងថា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ «ខ្ញុំដឹងថា ខ្ញុំអាចពឹងលោកឲ្យនាំមេដឹកនាំប្រទេសរុស្ស៊ីឲ្យយល់ស្របបាន»

ចំណែកលោក ស៊ី ជីនភីង បាននិយាយតបវិញថា «ប្រទេសយើងទាំងពីរមានសមត្ថភាព និងមានការទទួលខុសត្រូវ ដើម្បីការពារសន្តិភាពពិភពលោក»

មេដឹកនាំបារាំងកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិន ដែលជាប្រទេសមិនព្រមចូលរួមថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

អមដោយគណៈប្រតិភូធុរកិច្ចដ៏ធំមួយ លោក អេម៉ាណូអែល ម៉ាក្រុង ក៏កំពុងស្វែងរកការពង្រឹងទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយចិនផងដែរ ដែលក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីប្រធានគណៈកម្មការអឺរ៉ុប គឺលោកស្រី អឺសូឡា វុនឌឹ ឡេយ៉េន (Ursula von der Leyen) ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំចិនផងដែរ។

ដំណើរ​ទស្សន​កិច្ច​នេះ​ កំពុង​ត្រូវ​បានគេ​ពិនិត្យ​យកចិត្តទុកដាក់តាមដាន​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​​ទំនាក់​ទំនង​ ​​រវាង​បណ្តាប្រទេសលោក​ខាង​លិច ​និង​ប្រទេសចិន បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងដោយតែផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។

នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោក អេម៉ាណូអែល ម៉ាក្រុង ត្រូវអញ្ជើញឲ្យត្រួតពលព្យុហយាត្រាយោធាដ៏ឧឡារិកក្នុងទីក្រុងប៉េកាំង មុនពេលចូលតុកិច្ចពិភាក្សាសម្ងាត់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។

កិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ ត្រូវគេរំពឹងទុកថា នឹងបែងចែកជាបីផ្នែក គឺជាមួយលោកស្រី អឺសូឡា វុនឌឹ ឡេយ៉េន ដែលមកតាមការអញ្ជើញរបស់លោក អេម៉ាណូអែល ម៉ាក្រុង នៅពេលល្ងាច ហើយចូលរួមពិធីលាងសាយភោជផ្លូវរដ្ឋ នៅវេលាយប់នេះ។

នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីកំពូលៗរបស់ចិនផ្សេងទៀត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រួមទាំងនាយករដ្ឋមន្ត្រីចិន គឺលោក លី ឈៀង (Li Qiang) លោក អេម៉ាណូអែល ម៉ាក្រុង និងលោកស្រី អឺសូឡា វុនឌឹ ឡេយ៉េន បានអំពាវនាវឲ្យបង្កើនការសន្ទនាជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។

ភ្លាមៗបន្ទាប់ពីលោកបានទៅដល់ទីក្រុងប៉េកាំង កាលពីថ្ងៃពុធ លោក អេម៉ាណូអែល ម៉ាក្រុង បានប្រាប់អ្នកសារព័ត៌មានថា លោកមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះភាពតានតឹងកើនឡើង ដែលមិនអាចជៀសផុត រវាងលោកខាងលិច និងប្រទេសចិន ដែលបង្កឡើងដោយសារសង្រ្គាម។

ប៉ុន្តែលោកបានបន្ថែមថា «ចំណាប់អារម្មណ៍របស់ចិន គឺមិនចង់មានសង្រ្គាមយូរទេ» ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង អាចដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់សង្គ្រាមនេះ។

ស្របពេលមានការជំរុញឲ្យចិនដើរតួនាទីកាន់តែធំជាងមុន នូវការងារផ្នែកការទូតអន្តរជាតិ មេដឹកនាំប្រទេសចិន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី កាលពីសប្តាហ៍មុន បានចេញផ្សាយផែនការ១២ចំណុច សម្រាប់ស្វែងរកសន្តិភាពនៅអ៊ុយក្រែន។

ខណៈពេលប្រទេសលោកខាងលិច ជាទូទៅបានច្រានចោលសំណើ១២ចំណុចនេះ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡេនស្គី (Volodymyr Zelensky) បានអំពាវនាវសុំឲ្យលោកបានជូបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដែលរហូតមកដល់ពេលនេះមិនទាន់បានឆ្លើយតបជាសាធារណៈនៅឡើយ៕