2024-03-11 11:03
100

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលសហភាពសូវៀត បានដួលរលំ នៅក្នុងអំឡុងឆ្នាំ១៩៩១នោះមក ការប្រណាំងប្រជែងលើគ្រឿងសព្វាវុធ ដែលបានធ្វើឲ្យពិភពលោកព្រួយបារម្ភ ត្រូវបានបិទបញ្ចប់ ប៉ុន្ដែនៅក្នុងសម័យបច្ចេកវិទ្យាកាន់តែទំនើប នាពេលបច្ចុប្បន្ននេះ មហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោក ចំនួន២ប្រទេស កំពុងតែរត់ប្រណាំងប្រជែងគ្នាយ៉ាងខ្លាំងជាមួយនឹងបញ្ញាសិប្បនិម្មិត (AI) ។

បើតាមបណ្ដាញផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក AoL បានរាយការណ៍ កាលពីថ្ងៃអទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ថា មហាអំណាចពិភពលោកចំនួន២ កំពុងតែប្រកួតប្រជែងគ្នាយ៉ាងខ្លាំង សម្រាប់អ្វីៗគ្រប់យ៉ាង ចាប់តាំងពីចំណេះដឹងផ្នែកបញ្ញា នៅក្នុងការរចនាផ្នែករឹង ឬ Hardware  និង Software AI រហូតដល់វត្ថុធាតុដើម ដែលផ្តល់ថាមពលដល់ប្រព័ន្ធបញ្ញាសិប្បនិម្មិត។ ប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោកទាំង២នេះ ក៏កំពុងតែប្រើប្រាស់នូវការឧបត្ថម្ភធនរបស់រដ្ឋាភិបាល សម្រាប់ជំរុញឲ្យមានការរីកចម្រើនជាថ្មីបន្ថែមទៀត។

បើតាមលោក ហ្វ្រែងខ៍ ឡុង (Frank Long) អ្នកជំនាញរបស់ក្រុមហ៊ុន Goldman Sachs (GS) បានឲ្យដឹង ថា កន្លែងដែលសហរដ្ឋអាមេរិក កាន់កាប់ការនាំមុខគេ នៅពេលនេះ គឺការអភិវឌ្ឍន៍ប្រព័ន្ធ AI ដូចជា គំរូភាសាធំ (LLMs)។ ម៉ូដែលទាំងនេះ ផ្ទុកទិន្នន័យ ដែលមានស្រាប់ ហើយប្រើប្រាស់វា ជាមូលដ្ឋានសម្រាប់ chatbots ដូចជា Open AI's Chat GPT ជាដើម។

លោក ហ្វ្រែងខ៍ ឡុង បានអះអាង ថា អត្ថប្រយោជន៍មួយទៀត សម្រាប់សហរដ្ឋអាមេរិក គឺថា រដ្ឋាភិបាល អាចរឹតបន្តឹងលើការនាំចេញលើឧបករណ៍ Semiconductors ជាន់ខ្ពស់ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន ដូចជា Nvidia (NVDA) ដែលមានតម្រូវការខ្លាំង សម្រាប់ ប្រព័ន្ធAI នៅទូទាំងពិភពលោក។ ប៉ុន្ដែសម្រាប់ពេលនេះ គឺកំពុងតែរក្សាការអភិវឌ្ឍ LLMs ដ៏ទំនើបបំផុត កាត់ផ្ដាច់ពីលទ្ធភាពរបស់ប្រទេសចិន។ 

បើទោះជាយ៉ាងណា មហាយក្សចិន កំពុងតែប្រឈមមុខជាមួយនឹងការប្រយុទ្ធរបស់ខ្លួន ផងដែរ។ ស្របគ្នានេះ ចិន កំពុងតែដាក់កម្រិតលើការនាំចេញលោហធាតុ Gallium (ហ្កាល់លៀម) និង Germanium (ជើរម៉ានៀម) ដែលផលិតបន្ទះឈីប ទៅកាន់សហរដ្ឋអាមេរិក ខណៈមានសេចក្ដីរាយការណ៍ អំពីការប្រមូលមូលនិធិបន្ទះឈីបថ្មី ទំហំទឹកប្រាក់២៧ពាន់លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងដ៏ធំៗរបស់ខ្លួន។

ការប្រកួតប្រជែងដ៏ស្វិតស្វាញ សម្រាប់ប្រព័ន្ធ AI រវាងមហាយក្សចិន និង សហរដ្ឋអាមេ             រិក បានឈានដល់ចំណុចកំពូលមួយ កាលពីសប្តាហ៍មុន ខណៈក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចោទប្រកាន់ ដល់ជនជាតិចិនម្នាក់ ជាអតីតអ្នកបង្កើតកម្មវិធី AI របស់ Google (GOOG, GOOGL) លួចឯកសារចំនួន៥០០ សម្រាប់កូដសម្ងាត់ នៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិក ដែលប្រើប្រាស់សម្រាប់មជ្ឈមណ្ឌលទិន្នន័យដ៏ធំរបស់ខ្លួន ដើម្បីបណ្តុះបណ្តាល LLMs ។រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ បន្ទាប់ពីលួចកម្មសិទ្ធិបញ្ញា ថា ជនជាប់ចោទក៏បានចាប់ផ្តើម ធ្វើការឱ្យក្រុមហ៊ុនជាគូប្រជែង នៅក្នុងប្រទេសចិន។ 

លោក គ្រីស្ដូហ្វ័រ រ៉ៃ (Christopher Wray) នាយក FBI បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា ការចោទប្រកាន់ទាំងនេះ ជាការបង្ហាញចុងក្រោយបំផុត សម្រាប់រយៈពេល ដែលក្រុមហ៊ុននានា មានមូលដ្ឋាន នៅសាធារណរដ្ឋប្រជាមានិតចិន មានចេតនាលួចគំនិតច្នៃប្រឌិតរបស់អាមេរិក»។ការប្រជែងគ្នាលើឧត្តមភាពជាសកល សម្រាប់ AI ក្លាយជាប្រធានបទ នៃការពិភាក្សាដ៏ក្តៅគគុក នៅដើមខែនេះ នៅក្នុងសន្និសីទបច្ចេកវិទ្យាប្រចាំឆ្នាំរបស់ Web Summit នៅទីក្រុង ដូហា (Doha) ប្រទេសកាតារ ដែលជាព្រឹត្តិការណ៍មួយ ទាក់ទាញវិនិយោគិន និង នាយកប្រតិបត្តិបច្ចេកវិទ្យា មកពីជុំវិញពិភពលោក។

ក្រុមហ៊ុននាំមុខ ទាំងវិស័យឯកជន និង សាធារណៈ បានទទួលស្គាល់ ថា សហរដ្ឋអាមេ         រិក និង ចិន កំពុងតែប្រជែងគ្នាយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។ ប្រទេសទាំងនេះ ស្ថិតក្នុងលំដាប់លេខ១ និង លេខ២ នៅក្នុងសន្ទស្សន៍ AI ពិភពលោករបស់ Tortoise Media (ទ័រតូស មីឌៀ)។

ដោយឡែក ប្រទេសជប៉ុន បានផ្តល់ថវិកា ចំនួន១៣ពាន់លានដុល្លារ ដល់បច្ចេកវិទ្យាមួយនេះ នៅក្នុងថវិកា ឆ្នាំ២០២៣របស់ខ្លួន ពោលគឺកើនឡើងចំនួន៨,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ ខណៈកូរ៉េខាងត្បូង បានប្តេជ្ញាចិត្តបង្កើនថវិកា ចំនួន៤៧០ពាន់លានដុល្លារ នៅក្នុងរយៈពេល២៣ឆ្នាំខាងមុខ សម្រាប់បង្កើតមជ្ឈមណ្ឌលផលិតកម្ម Semiconductor ដ៏ធំបំផុតរបស់ពិភពលោក៕