2024-02-01 12:02
125

រដ្ឋធានីសេអ៊ូល៖ យន្ដហោះចម្បាំងរបស់កងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង កំពុងតែហោះហើរហ្វឹកហ្វឺន តាមសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន បានជួបនឹងគ្រោះចង្រៃ ធ្លាក់ចូលទៅក្នុងសមុទ្ររបស់ប្រទេសជាសម្ពន្ធមិត្ត នៅអាស៊ីបូព៌ាមួយនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reutes បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

 កងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថា យន្តហោះចម្បាំង F-16 Fighting Falcon មួយគ្រឿងរបស់កងទ័ពសហរដ្ឋអាមេរិក បានជួបនឹងបញ្ហា នៅក្នុងអំឡុងពេលហោះហើរ នៅលើផ្ទៃសមុទ្រកូរ៉េខាងត្បូង។ ស្របពេលយន្ដហោះ កំពុងតែជួបនឹងបញ្ហានេះ អាកាសយានិករបស់យន្ដហោះនោះ បានចុចកៅអីផ្តាច់ ចេញពីយន្តហោះ ប្រកបដោយសុវត្ថិភាព ហើយត្រូវបានគេជួយសង្រ្គោះ ក្រោយពេកើតហេតុ ត្រឹមតែរយៈពេលប្រហែលជា១ម៉ោង។ 

 ស្របគ្នានេះ កងទ័ពសហរដ្ឋអាមេរិក បានថ្លែងអំណរគុនដល់កិច្ចសហការល្អរបស់ក្រុមភ្នាក់ងារសង្រ្គោះរបស់កូរ៉េខាងត្បូង។ នេះជារឿងសំខាន់ ដោយផ្តោតទៅលើការស្វែងរកយន្តហោះ ដែលបានធ្លាក់នោះ។

 ទីក្រុងហ្គុនសាន (Gunsan) ស្ថិតនៅឆ្នេរភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង ក្លាយជាមូលដ្ឋានកងទ័ពអាកាសមួយ នៅក្នុងចំណោមមូលដ្ឋានទ័ពអាកាស ចំនួន២ ត្រូវបានប្រើប្រាស់ដោយកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសជាសម្ពន្ធមិត្តមួយនេះ។ យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់កងទ័ពសហរដ្ឋអាមេរិក បានធ្លាក់ កាលពីខែធ្នូ ឆ្នាំ២០២៣ នៅក្នុងប្រទេសមួយនេះ ខណៈកំពុងតែហោះហើរហ្វឹកហ្វឺន ជាប្រចាំ។ ប៉ុន្ដែនៅក្នុងហេតុការណ៍នោះ អាកាសយានិក ត្រូវបានគេជួយសង្រ្គោះ ប្រកបដោយសុវត្ថិភាព៕