2023-05-09 02:05
468


ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងថ្មីៗនេះ នៅថៃកំពុងតែផ្ទុះរឿងក្តៅគគុកមួយទៀតហើយ គឺមានព្រះសង្ឃមួយអង្គបានលួចលុយវត្តអស់ជិត ៩ លានដុល្លារ ចាយវាយយ៉ាងសប្បាយ ព្រមទាំងឆ្លៀតយកលាក់ទុកទៀត ។


កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ តាមព័ត៌មានបានឱ្យដឹងថា ព្រះសង្ឃមួយអង្គនេះ ជាប្រធានសង្ឃ និង ជាអ្នកចាត់ចែងរក្សាបច្ច័យនៅវត្តមួយកន្លែង នាខេត្តណាក់ខនស៊ីថាំម៉ាក់រ៉ាត ប្រទេសថៃ។ លោកត្រូវបានគេចាប់ខ្លួន ក្រោយពីត្រូវស៊ើបឃើញមានការលួចកេងប្រវ័ញ្ចលុយក្នុងវត្តយកទៅចាយវាយផ្ទាល់ខ្លួន។ ក្នុងនោះចំនួនទឹកលុយសរុបដែលព្រះសង្ឃខាងលើបានកិបកេងយកទៅ ត្រូវបានគេឱ្យដឹងថាមានចំនួនជិត ៣០០ លានបាត ប្រមាណជា ៩ លានដុល្លារអាមេរិក។
ក្នុងទឹកលុយជិត ៣០០ លានបាតនេះ គេរកឃើញថា ព្រះសង្ឃអង្គនេះបានផ្ញើក្នុងកុងធនាគារប្អូនស្រីចំនួន ១៣០ លានបាត និង ៥១ លានបាតទៀត ត្រូវបានគេរកឃើញជាលុយសុទ្ធនៅក្នុងផ្ទះលម្ហែរបស់លោក។ លើសពីនេះទៅទៀត គេបានរកឃើញមានការកប់លាក់ទុកលុយសុទ្ធចំនួន ៨០ លានបាត និង មានសុទ្ធដែលមានតម្លៃជាង ១៩ លានបាត នៅលើភ្នំខាងក្រោយវត្តទៀត។
យ៉ាងណាមិញ ព្រះសង្ឃអង្គនេះក៏ត្រូវគេរកឃើញមានការលួចសេពមេថុនក្នុងវត្តទៀតផង ហើយមកទល់ពេលនេះ លោកក៏ត្រូវគេឃាត់ខ្លួន និង បានផ្សឹករួចរាល់ ព្រមទាំងកំពុងត្រូវស៊ើបអង្កេតសួរនាំទៅតាមច្បាប់ផងដែរ៕