2023-04-27 08:04
423

 

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតបារីដ៏ល្បីឈ្មោះរបស់អាមេរិក កាលពីម្សិលមិញ បានយល់ព្រមបង់ប្រាក់ពិន័យជាង៦៣៥លានដុល្លារឲ្យអាជ្ញាធរអាមេរិក បន្ទាប់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានសារភាពកំហុសចំពោះការសមគំនិតគ្នារំលោភលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកលើប្រទេសកូរ៉េខាងជើង ចំពោះការលក់ផលិតផលថ្នាំជក់ទៅឲ្យកូរ៉េខាងជើង និងក្លែងបន្លំប្រព័្ធធនាគារ។

បើយោងតាមក្រុមហ៊ុន និងក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា ការលក់ថ្នាំជក់ទៅឲ្យប្រទេសកូរ៉េខាងជើង បានធ្វើឡើងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ នៅពេលប្រទេសកូរ៉េខាងជើងកំពុង ប្រឈមមុខ នឹង ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចពីសហរដ្ឋ អាមេរិក  សម្រាប់ កម្មវិធីផលិតអាវុធ នុយក្លេអ៊ែរ និង មីស៊ីល ផ្លោងអន្តរទ្វីប ។

អគ្គមេធាវីរងនៃក្រសួងយុត្តិធម៌អាមេរិក បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ថា ករណីនេះ គឺជាការព្រមានដល់ក្រុមហ៊ុន។  ករណី នេះ បង្ហាញ ឲ្យឃើញពី ការ ពិន័យ ធំ បំផុតក្នុង ប្រវត្តិក្រសួង យុត្តិធម៌ សម្រាប់ការបំពាន ទណ្ឌកម្មលើ កូរ៉េខាង ជើង   ។

ក្រុមហ៊ុនឈ្មោះ ប្រីធីស អាមេរិខេន ធូបេខូ (British American Tobacco) គឺជាក្រុមហ៊ុនធំជាងគេទីពីររបស់ពិភពលោក ដែលផលិតបារីម៉ាកយីហោល្បីៗជាច្រើនប្រភេទ ដូចជា ឡាគី ស្ត្រៃ (Lucky Strike), Dunhill និង៥៥៥។ ក្រុមហ៊ុននេះ ក៏មានសាខានៅក្នុងប្រទេសកម្ពុជាផងដែរ មានរោងចក្រស្ថិតនៅតាមបណ្តោយផ្លូវជាតិ២ សង្កាត់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមនេះមានប្រតិបត្តិការនៅក្នុងប្រទេសមួយចំនួន ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មផ្សេងៗពីអាមេរិក រួមទាំងប្រទេសអ៊ីរ៉ង់ និងប្រទេសគុយបា ហើយប្រតិបត្តិការនៅក្នុងប្រទេសទាំងនេះ បានធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងហានិភ័យនៃការខាងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុន ប្រីធីស អាមេរិខេន ធូបេខូ បាននិយាយថា ខ្លួនបានចុះកិច្ចសន្យាព្យួរជាមួយក្រសួងយុត្តិធម៌អាមេរិក ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសសិង្ហបុរី បានសារភាពទោសកំហុសរួចអស់ហើយ។

ក្រុមហ៊ុនបាននិយាយថា ការបង់ប្រាក់ពិន័យជាទឹកប្រាក់សរុបចំនួន៦៣៥.២លានដុល្លារ ទៅឲ្យអាជ្ញាធរសហរដ្ឋអាមេរិក គឺជាចំនួនទឹកប្រាក់សរុប។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើខុសឆ្គងកើតឡើងជាប្រវត្តិសាស្ត្រដោយសារសកម្មភាពអាជីវកម្ម ដែលនាំឲ្យមានបញ្ហាទាំងនេះ ហើយទទួលស្គាល់ថា យើងវាធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ស្តង់ដារខ្ពស់បំផុតរបស់ក្រុមហ៊ុន»។

ចំណែកនៅក្នុងឯកសារតុលាការវិញ ក្រសួងយុត្តិធម៌ បាននិយាយថា ក្រុមហ៊ុនក៏បានសមគំនិតក្នុងការក្លែងបន្លំស្ថាប័នហិរញ្ញវត្ថុ ដើម្បីឲ្យធ្វើប្រតិបត្តិការផ្ទេរប្រាក់ជំនួយឲ្យស្ថាប័នរបស់កូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេស្គាល់ថា ជាអ្នកពូកែជក់បារី ដែលតែងតែឃើញមានបារីនៅក្នុងដៃក្នុ ស្ទើរពេលលោកអញ្ជើញត្រួតពិនិត្យការងារ ជាមួយមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសកូរ៉េខាងជើង។

ការប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចូលរួមហាមឃាត់ការនាំចេញថ្នាំជក់ និងថ្នាំបារី ទៅកាន់ប្រទេសកូរ៉េខាងជើង ត្រូវបានប្រទេសរុស្ស៊ី និងប្រទសចិន បោះឆ្នោតជំទាស់ កាលពីខែឧសភា ឆ្នាំ២០២២។

ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៩ ក្រសួងយុត្តិធម៌អាមេរិក បាននិយាយថា ក្រុមហ៊ុននេះបានទិញថ្នាំជក់សម្រាប់លក់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនផលិតបារីរបស់ប្រទេសកូរ៉េខាងជើង និងបានក្លែងបន្លំឯកសារ ដើម្បីបោកបញ្ឆោតធនាគារអាមេរិក យ៉ាងហោចណាស់ចំនួន៣១០លើក ដែលបានផ្ទេរទឹកប្រាក់ចេញយ៉ាងហោចណាស់ចំនួន៧៤លានដុល្លារ។

រដ្ឋាភិបាលអាមេរិក បាននិយាយថា ក្រុមហ៊ុនផលិតបារីរបស់រដ្ឋាភិបាលកូរ៉េខាងជើង រួមទាំងក្រុមហ៊ុនគ្រប់គ្រងដោយយោធាកូរ៉េខាងជើង អាចទទួលបានប្រាក់ចំណូលប្រហែល៧០០លានដុល្លារ ដោយសារប្រតិបត្តិការខុសច្បាប់ទាំងនោះ។

ចំណែកក្រសួងការបរទេសសហរដ្ឋអាមេរិកវិញ បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួនប្រាំលានដុល្លារ សម្រាប់ការចាប់ខ្លួនបុរសជនជាតិកូរ៉េខាងជើងម្នាក់ និងរង្វាន់៥០០ ០០០ដុល្លារ សម្រាប់ការចាប់ខ្លួនជនជាតិចិនពីរនាក់ ដែលអ្នកធ្វើការផ្នែកផ្ទេរប្រាក់ និងនាំចូលថ្នាំជក់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង៕