2024-02-16 12:02
102

រដ្ឋធានីហ្សាការតា៖ ក្រោយពេលទទួលបានសំឡេងគាំទ្រ ប្រហែល៥៨,៧៣ភាគរយ ដែលជាចំនួនគ្រប់គ្រាន់ ក្នុងការឈ្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី១ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ភ្លាម លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ និង ជាអតីតកម្លាំងពិសេស ហើយជាអនាគតមេដឹកនាំកំពូលរបស់ប្រទេសអាស៊ានមួយនេះ បានប្រកាស ថា គាត់នឹងបង្កើតរដ្ឋាភិបាលដ៏ល្អបំផុតមួយ សម្រាប់ប្រជាជាតិឥណ្ឌូណេស៊ីទាំងមូល។

គេហទំព័ររបស់បណ្ដាញទូរស្សន៍សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បេក្ខជនប្រធានាធិបតី និង ជារដ្ឋមន្រ្ដីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានសន្យា ថា គាត់នឹងដឹកនាំ ថែរក្សា និង ការពារប្រជាជនឥណ្ឌូណេស៊ីទាំងអស់។ ការលើកឡើងរបស់អតីតមេបញ្ជាការកម្លាំងពិសេសរបស់ឥណ្ឌូណេស៊ីរូបនេះ បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលគាត់បានទទួលជ័យជម្នះ បន្ទាប់ពីការបោះឆ្នោតបានបិទ កាលពីថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) ដោយបានឈ្នះសំឡេងគាំទ្រជិត៦០ភាគរយ នៃសន្លឹកឆ្នោតសរុប នៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី។

ឈរអមដោយអនុប្រធានាធិបតី ដែលកំពុងតែកាន់តំណែង លោក ហ្គីប្រាន រ៉ាកាប៊ូមីន        រ៉ាកា (Gibran Rakabuming Raka) ជាកូនប្រុសរបស់ប្រធានាធិបតីឥណ្ឌណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែលកំពុងតែកាន់អំណាចនោះលោក ប្រាបូវ៉ូ ស៊ូបៀនតូ បានបញ្ជាក់ ថា «ប្រទេសនេះ ត្រូវតែរួបរួមគ្នាឡើងវិញ ខណៈយុទ្ធនាការបានបញ្ចប់ ជ័យជម្នះនេះ គឺកើតមាន សម្រាប់ប្រជាជនឥណ្ឌូណេស៊ីទាំងអស់គ្នា»។

អនាគតប្រធានាធិបតី ដែលនឹងចូលមកដឹកនាំប្រទេសឥណ្ឌូណេស៊ី នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះបានថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ថា«យើងនឹងធ្វើជាប្រធានាធិបតី និងជាអនុប្រធានសម្រាប់ប្រជាជនឥណ្ឌូណេស៊ីទាំងអស់។ ខ្ញុំបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាយើងនឹងដឹកនាំថែរក្សានិងការពារប្រជាជនឥណ្ឌូណេស៊ីទាំងអស់មិនថាពូជសាសន៍ ជាតិសាសន៍ សាសនា សាវតារសង្គមបែបណានោះឡើយ។ ប្រជាជនឥណ្ឌូណេស៊ីទាំងអស់ នឹងត្រូវស្ថិតក្រោមការទទួលខុសត្រូវរបស់យើង ដើម្បីការពារផលប្រយោជន៍របស់ពួកគាត់។ យើងនឹងបង្កើតរដ្ឋាភិបាលមួយ ដោយមានប្រជាជនល្អបំផុត សម្រាប់ប្រទេសឥណ្ឌូណេស៊ី»។

បើតាមការិយាល័យបោះឆ្នោត បានឱ្យដឹងថា អតីតមេបញ្ជាការកងកម្លាំងពិសេស វ័យ៧២ឆ្នាំដែលបានឈរឈ្មោះមិនទទួលជោគជ័យ សម្រាប់កាន់តំណែងជាប្រធានាធិបតីចំនួន២ដង កាលពីពេលមុន ទទួលបានសំឡេងគាំទ្រ ប្រហែល៥៨,៧៣ភាគរយ។

លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) វ័យ៧២ឆ្នាំរូបនេះ ធ្លាប់កាន់តំណែងកំពូលៗរួមមាន រដ្ឋមន្ត្រីការពារជាតិ និង មេបញ្ជាការកុម្ម៉ង់ដូពិសេសរបស់ឥណ្ឌូណេស៊ី។ គាត់បានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសកល ចំនួន ២ លើករួចមកហើយ នៅក្នុងឆ្នាំ២០១៤ និង ឆ្នាំ២០១៩ ប៉ុន្តែគាត់បានចាញ់ទាំង២លើក។ 

បើតាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការ រាប់បានចំនួន៩៥ភាគរយ គិតត្រឹមត្រឹមថ្ងៃពុធ លោក ប្រាប៉ូវ៉ូ ស៊ូបៀនតូ និង ដៃគូជាអនុប្រធានាធិបតីរបស់លោក គឺលោក ហ្គីប្រាណ          រ៉ាកាប៊ូមីង រ៉ាកា  ជាកូនប្រុសរបស់ប្រធានាធិបតីចំាផ្ទះ លោក ចូកូ វីដូដូ ទទួលបានសំឡេងគាំទ្រ៥៨ភាគរយ ហើយដោយសារតែគាត់បានទទួលសំឡេងគាំទ្រលើសពី៥០ភាគរយ ដូច្នេះមានន័យថា គាត់មិនចាំបាច់បោះឆ្នោតជុំទី២នោះទៀតឡើយ។

ដោយឡែក ការចេញផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ នឹងធ្វើឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ហើយគេរំពឹងថា លទ្ធផលបោះឆ្នោត នឹងមិនមានការប្រែប្រួលអ្វីគួរឱ្យកត់សម្គាល់នោះទេ។ រីឯប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នឹងត្រូវស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នៅខែតុលា ឆ្នាំ២០២៤។

លោក ប្រាបូវ៉ូ ស៊ូបៀនតូ ជាសហស្ថាបនិកបង្កើតគណបក្ស Gerindra (ហ្គេរីនដ្រា) នៅក្នុងឆ្នាំ២០០៨ ហើយបានកាន់តំណែងជាប្រធានគណបក្សមួយនេះ ចាប់តាំងពីឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន។ គាត់ត្រូវបានជ្រើសតាំងជាបេក្ខជនប្រធានាធិបតី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ និង បានចុះឈ្មោះ ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

លោក ប្រាបូវ៉ូ ស៊ូបៀនតូ ធ្លាប់ចូលបម្រើការ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី មួយរយៈពេលខ្លី ក្រោយបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា (Armed Forces Academy) ហៅកាត់ AKABRI នៅក្នុងឆ្នាំ១៩៧៤។ គាត់ក៏ធ្លាប់កាន់តំណែងជាមេបញ្ជាការ នៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូណេស៊ី នៅក្នុងឆ្នាំ១៩៩៨ និង ជាមេបញ្ជាការកងកម្លាំងពិសេស ឥណ្ឌូណេស៊ី ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨។ គាត់ធ្លាប់បម្រើការក្នុងជួរកងកម្លាំង ABRI អស់រយៈពេល២៨ឆ្នាំ តែក្រោយមករូបលោកត្រូវបានបណ្ដេញចេញពីយោធា ក្រោយការដួលរលំ នៃរបបដឹកនាំរបស់លោក ស៊ូហារតូ (Soeharto) នៅក្នុងឆ្នាំ១៩៩៨។