2024-02-06 04:02
121

រាជធានីបាងកក៖ អំពើរដ្ឋប្រហារយោធា និង ការបង្ក្រាបយ៉ាងព្រៃផ្សៃ ពីសំណាក់អាជ្ញា              ធររបបសឹក នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានរុញច្រានប្រទេសអាស៊ានមួយនេះ ធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរ និង សង្គ្រាមស៊ីវិល នៅពាសពេញប្រទេស ខណៈក្រុមប្រឆាំងនឹងរបបសឹក កំពុងតែមានកម្លាំងខ្លាំង វាយប្រហារតបតជាមួយនឹងរដ្ឋាភិបាល ប៉ុន្ដែបណ្ដាមេដឹកនាំ នៃប្លុកមួយនេះ នៅតែមានក្ដីសង្ឃឹម លើការជំរុញភាគីជម្លោះ វិលមករកការសន្ទនា ដើម្បីបញ្ចប់សង្គ្រាមនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា មន្ត្រីជាន់ខ្ពស់មួយរូប នៃរដ្ឋាភិបាលថៃ បានអះអាង ថា  គំនិតផ្ដួចផ្ដើមផ្ដល់ជំនួយមនុស្សធម៌របស់ថៃ នឹងអាចក្លាយជាគោលដៅត្រួសត្រាយផ្លូវ សម្រាប់ជំរុញឲ្យភាគីជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ងាកមករកកិច្ចចរចា ក្រោយពេលរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ សកម្មភាពរបស់ពួកយោធា បានបណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី បាននាំឲ្យកើតមានវិបត្ដិយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអាស៊ានមួយនេះ។

លោក ស៊ីហាសាក់ ភួងកេតកៅ (Sihasak Phuangketkeow) អនុរដ្ឋមន្ត្រី ក្រសួងការបរទេសថៃ បានបញ្ជាក់ ថា រដ្ឋាភិបាលថៃ បានផ្ដួចផ្ដើមគំនិតបង្កើតតំបន់សុវត្ថិភាពមនុស្សធម៌មួយ នៅក្នុងខែកុម្ភៈនេះ នៅតាមបណ្ដោយព្រំដែនរបស់ខ្លួន ជាប់ជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្បែរប៉ុស្តិ៍ព្រំដែនមេសូត-មីយ៉ាវ៉ាដឌី (Mae Sot-Myawaddy) សម្រាបផ្ដល់ស្បៀងអាហារ និងថ្នាំពេទ្យជួយដល់សហគមន៍ នៅតាមតំបន់នេះ រួមទាំងមនុស្ស ជាង ២០ ០០០នាក់ ដែលកំពុងតែរត់ភៀសខ្លួន គេចចេញពីជម្លោះផងដែរ។

លោកអនុរដ្ឋមន្រ្ដី ក្រសួងការបរទេសថៃ រូបនេះ បានបន្ថែម ថា ផែនការនេះ នឹងជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់មេដឹកនាំអាស៊ាន នៅក្នុងការស្វែងរកកិច្ចចរចាសន្តិភាព រវាងភាគីជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រីឯគោលបំណងយ៉ាងសំខាន់បំផុត ផ្តោតលើការធ្វើយ៉ាងណាឱ្យជម្លោះនេះ ស្ថិតក្រោមការគ្រប់គ្រង និង បើកចំហនូវកិច្ចសន្ទនា។

បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹង ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់វិបត្ដិដ៏ធ្ងន់ធ្ងរ ចាប់តាំងពីពួកឧត្ដមសេនីយ៍យោធា បានធ្វើរដ្ឋប្រហារដណ្ដើមអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និង ការបង្ក្រាបដ៏ឃោរឃៅ ពីអាជ្ញាធរ នៃរបបយោធា។ សង្គ្រាមស៊ីវិល រវាងក្រុមចលនាប្រដាប់អាវុធ កើតចេញពីជនស៊ីវិលប្រឆាំងនឹងរដ្ឋប្រហារ និង  កងទ័ព នៃរដ្ឋាភិបាលយោធា បានបង្ខំឲ្យប្រជាជនមីយ៉ាន់ម៉ា យ៉ាងហោច ២,៦លាននាក់ រត់ភៀសខ្លួន គេចចេញពីជម្លោះ និង  ជាង១៨លាននាក់ កំពុងតែត្រូវការជំនួយដ៏ចាំបាច់បំផុត ៕