2023-04-24 03:04
435

ស្តុកខុម៖​ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុម (Stockholm) របស់ប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការចំណាយលើវិស័យយោធាពិភពលោកថា ការចំណាយជាសកលបានកើនឡើងក្នុងរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា គឺមានការកើនឡើងចំនួន១៣ភាគរយនៅទ្វីបអឺរ៉ុប ដែលជាការកើនឡើងច្រើនហួសហេតុ ក្នុងប្រវត្តិសាស្ត្រ៣០ឆ្នាំកន្លងមកនេះ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុម  ដែលជាស្ថាប័ន​ឯករាជ្យ​មួយ​ ផ្តោតសំខាន់លើ​ការ​ស្រាវជ្រាវ​ទៅ​លើ​សង្គ្រាម សព្វាវុធ ការគ្រប់គ្រង​អាវុធ និង​ការ​រំសាយ​អាវុធ និងមានទីស្នាក់ការនៅទីក្រុង ស្តុកខុម ប្រទេសស៊ុយអែត

បាននិយាយថា ភាគច្រើននៃការបង្កើនចំណាយផ្នែកយោធានេះ មានទំនាក់ទំនងជាមួយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែប្រទេសផ្សេងទៀត ក៏បានបង្កើនការចំណាយផ្នែកយោធាផងដែរ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ី។

លោក ណាន ធៀន (Nan Tian) អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីចំណាយសម្រាប់យោធា និងសម្រាប់ផលិតអាវុធរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុម  បាននិយាយថា «ការកើនឡើងជាបន្តបន្ទាប់នៃការចំណាយលើវិស័យយោធាពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសញ្ញាមួយបង្ហាញថា យើងកំពុងរស់នៅក្នុងពិភពលោក ដែលមិនសូវមានសុវត្ថិភាពប៉ុន្មានទេ ។ រដ្ឋនានាកំពុងពង្រឹងកម្លាំងយោធា ដើម្បីឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខមិនសូវ ដែលគេមើលឃើញថា នឹងមិនងាយបានល្អឡើងវិញឡើយ នាពេលអនាគត»

រដ្ឋាភិបាលទីក្រុងមូស្គូ បានចូលឈ្លានពាន និងដណ្ដើមយកឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ក្នុងឆ្នាំ២០១៤ និងបានគាំទ្រក្រុមឧទ្ទាមបំបែកខ្លួននៅភាគខាងកើតអ៊ុយក្រែន មុនពេលចាប់ផ្តើមលើកទ័ពឈ្លានពានជាទ្រង់ទ្រាយធំ នៅក្នុងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

របាយការណ៍នេះ បានលើកឡើងទៀតថា ការវិវឌ្ឍន៍បែបនេះបង្កការភ័យខ្លាចដល់បណ្តាប្រទេសដទៃទៀត ដែលស្ថិតក្បែរប្រទេសរុស្ស៊ី ឬធ្លាប់ជារដ្ឋស្ថិតក្រោមឥទ្ធិពលរបស់អតីតសហភាពសូវៀត ដូច្នេះពួកគេបង្កើតការចំណាយរបស់ខ្លួនលើវិស័យយោធា ដូចជាការចំណាយរបស់ប្រទេសហ្វាំងឡង់ កើនឡើង៣៦ភាគរយ ចំណែកការចំណាយលើវិស័យយោធារបស់ប្រទេសលីទុយអានី កើនឡើង២៧ភាគរយ។

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ប្រទេសហ្វាំងឡង់ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី លាតសន្ធឹងប្រហែល១ ៣៤០គីឡូម៉ែត្រ បានក្លាយជាសមាជិកទី៣១របស់អង្គការណាតូ។ ចំណែកប្រទេសស៊ុយអែត ដែលបានគេចចេញពីសម្ព័ន្ធភាពផ្នែកយោធានៅអឺរ៉ុប អស់រយៈពេលជាង២០០ឆ្នាំមកហើយ នៅពេលនេះក៏ចង់ចូលជាសមាជិកអង្គការណាតូដែរ។

ចំណែកលោក ឡូរ៉ឹនហ្សូ ស្ការ៉ាហ្សាតូ (Lorenzo Scarazato) អ្នកស្រាវជ្រាវនៃកម្មវិធីចំណាយផ្នែកយោធា និងការផលិតអាវុធរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុម នេះដែរ បាននិយាយថា «ស្របពេលរុស្ស៊ីលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រាកដណាស់វាពិតនាំឲ្យមានការសម្រេចចិត្តក្នុងការចំណាយលើវិស័យយោធា នៅឆ្នាំ២០២២ ព្រោះក្តីបារម្ភអំពីការឈ្លានពានរបស់រុស្ស៊ី អាចមានរយៈពេលយូរ។ ចំណែកអតីតរដ្ឋក្នុងប្លុកអឺរ៉ុបខាងកើតជាច្រើន បានបង្កើនការចំណាយលើវិស័យយោធារបស់ខ្លួនច្រើនជាងទ្វេដង ចាប់តាំងពីឆ្នាំ២០១៤ ដែលជាឆ្នាំរុស្ស៊ីលេបត្របាក់យកឧបទ្វីបគ្រីមៀពីអ៊ុយក្រែន»

ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុម បាននិយាយទៀតថា ការចំណាយលើវិស័យយោធា នៅក្នុងប្រទេសអ៊ុយក្រែន បានកើនឡើងច្រើនជាងប្រាំមួយដង ដល់ចំនួនទឹកប្រាកជាង៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលជាកំណើនខ្ពស់បំផុត ក្នុងប្រវត្តិនៃការចំណាយលើវិស័យយោធារបស់អ៊ុយក្រែន។

បើគិតជាមធ្យមភាគនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែនវិញ គឺការចំណាយលើវិស័យយោធាបានកើនឡើងដល់៣៤ភាគរយ ក្នុងឆ្នាំ២០២២ បើធៀបនឹង៣.២ភាគរយ កាលពីឆ្នាំ២០២១។

​​វិទ្យាស្ថានដដែលនេះ បានឲ្យដឹងទៀតថា ចំណែកការចំណាយលើវិស័យយោធារបស់រុស្ស៊ីវិញ បានកើនឡើងចំនួន៩.២ភាគរយ ក្នុងឆ្នាំ២០២២ គឺក្នុងទឹកប្រាក់កើនឡើងប្រហែល៨៦.៤ពាន់លានដុល្លារ ហើយបើគិតជាមធ្យមភាគវិញ គឺស្មើនឹង៤.១ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសរុស្ស៊ី ឆ្នាំ២០២២ ដោយកើនលើសឆ្នាំ២០២១ ចំនួន៣.៧ភាគរយ។

លោក ណាន ធៀន ដែលជនជាតិអាហ្វ្រិកខាងត្បូងដើមកំណើតចិន បាននិយាយថា រីឯសហរដ្ឋអាមេរិកវិញ នៅតែជាប្រទេសឈរនៅលំដាប់លេខ១ ក្នុងការចំណាយលើវិស័យយោធាច្រើនបំផុតលើពិភពលោក ពោលគឺកើនឡើង០.៧ភាគរយ ក្នុងទំហំទឹកប្រាកដល់៨៧៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលស្មើនឹង៣៩ភាគរយនៃការចំណាយលើវិស័យយោធាសរុប នៅទូទាំងពិភពលោក។ 

លោកបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនេះ ដោយសារជំនួយផ្នែកយោធារបស់អាមេរិក សម្រាប់ផ្តល់ជាគ្រឿងសព្វាវុធដល់អ៊ុយក្រែន កើតឡើងដោយគ្មានការព្រាងទុកមុន។

ចំណែកប្រទេសចិនឯនេះវិញ នៅតែជាប្រទេសមានការចំណាយលើយោធាច្រើនជាងគេទី២ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ក្នងទំហំទឹកប្រាក់ប្រមាណចំនួន២៩២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ គឺច្រើនជាង៤.២ ភាគរយ នៅឆ្នាំ២០២១។ 

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុម  បានលើកឡើងទៀតថា ទន្ទឹមនឹងនេះដែរ ប្រទេសជប៉ុនបានចំណាយប្រាក់ចំនួន៤៦ពាន់លានដុល្លារ លើវិស័យយោធា ក្នុងឆ្នាំ២០២២ គឺកើនឡើង៥.៩ភាគរយ ប់ធៀបនឹងឆ្នាំ២០២១ ដែលការចំណាយខ្ពស់បំផុតសម្រាប់វិស័យយោធារបស់ជប៉ុន ចាប់តាំងពីឆ្នាំ១៩៦០។

វិទ្យាស្ថានបាន​បញ្ជាក់បន្ថែម​ថា ទេសជប៉ុន និងប្រទេសចិន កំពុងនាំមុខគេលើការចំណាយផ្នែកយោធា នៅទ្វីបអាស៊ី និងអូសេអានី ដែលមានចំនួនទឹកប្រាក់សរុបជាង៥៧៥ពាន់លានដុល្លារ។ កំណើននៃការ​ចំណាយ​ផ្នែក​យោធា​ក្នុង​តំបន់នេះ ​ចាប់ផ្តើមកើនឡើង​យ៉ាង​ហោច​ណាស់​ ចាប់តាំងឆ្នាំ១៩៨៩។

ភាព​តានតឹង​នៅតំបន់​អាស៊ី​បូព៌ា​ បាន​កើន​ឡើង​ដោយសារបញ្ហា​កោះ​តៃវ៉ាន់​ ដែល​រដ្ឋាភិបាលគំរាមប្រើកម្លាំងបាយ ដើម្បីយកកោះនេះបញ្ចូលមកក្នុងទឹកដីចិនវិញ ក្នុងករណីគ្មានការស្រុះស្រួលគ្នាសន្តិវិធី ដូចចិនធ្លាប់ធ្វើជាមួយទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។

បញ្ហាប្រឈមមុខដាក់គ្នាកនេះ ក៏កើនឡើងដោយសារប្រទេសចិន បានទាមទារយកជាកម្មសិទ្ធិរបស់ខ្លួនស្ទើរតែទាំងអស់នៃផ្ទៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវពាណិជ្ជកម្មដែនសមុទ្រដ៏សំខាន់ ប៉ុន្តែប្រទេសមួយចំនួន ដូចជាហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី បានទាមទារថា ក៏ជាកម្មសិទ្ធិរបស់ខ្លួនដែរ៕