2024-03-29 05:03
69

រដ្ឋធានីម៉ានីល៖ មួយរយៈពេលចុងក្រោយនេះ ទំនាក់ទំនង រវាងរដ្ឋាភិបាលក្រុងម៉ានីល និង ក្រុងប៉េកាំង កាន់តែមានភាពតានតឹងដាក់គ្នាយ៉ាងខ្លាំង នៅក្នុងដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងត្បូង ប៉ុន្ដែឥឡូវ ប្រទេសហ្វីលីពីន ប្រកាស អំពីវិធានការសម្រេចចិត្តជាច្រើនរបស់ខ្លួន ដើម្បីការពារសិទ្ធិ លើដែនអធិបតេយ្យភាពជាតិរបស់ខ្លួន។

សារព័ត៌មាន Asia News International បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ថា ស្របពេលភាពតានតឹងកាន់តែខ្លាំងឡើង នៅសមុទ្រចិនខាងត្បូងនោះ លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand R Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានប្រកាស អំពីវិធានការសម្រេចចិត្តនានា ដើម្បីការពារអធិបតេយ្យភាពប្រទេសរបស់គាត់ និង សិទ្ធិដែនសមុទ្រ ខណៈកំពុងតែធ្វើឲ្យប្រាកដ អំពីសន្ដិភាព និង ស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកប្រធានាធិបតី ម៉ាកូស បានសង្កត់ធ្ងន់ អំពីវិធានការទាំងនេះ ដោយមានគោលបំណងដោះស្រាយនូវអ្វីដែលគាត់ បានអះអាង ថា «វាជាសកម្មភាពបើកចំហ ឥតឈប់ឈរ និង ខុសច្បាប់» បង្កឡើង ដោយឆ្មាំសមុទ្រ និង កងជីវពលដែនសមុទ្ររបស់ចិន។ ការលើកឡើងរបស់មេដឹកនាំអាស៊ានរូបនេះ បានកើតឡើង ក្រោយពេលមានការពិគ្រោះយោបល់គ្នា ជាមួយមេដឹកនាំសន្តិសុខ និង ការពារជាតិ។

លោកប្រធានាធិបតី ម៉ាកូស បានបញ្ជាក់ នៅតាមបណ្ដាញសង្គម X  ថា «រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានជួប និង និយាយទៅកាន់ថ្នាក់ដឹកនាំសន្តិសុខ និង ការពារជាតិរបស់ប្រទេសយើង។ ខ្ញុំបានផ្តល់នូវការណែនាំរបស់ខ្ញុំ ដល់មន្រ្ដីជាន់ខ្ពស់របស់យើង ហើយខ្ញុំក៏មានការប្រាស្រ័យទាក់ទងឥតឈប់ឈរ ជាមួយតំណាង នៃសម្ពន្ធមិត្ត ដៃគូពាក់ព័ន្ធ និង មិត្តភក្តិនៅក្នុងសហគមន៍អន្តរជាតិ ផងដែរ»។

លោកប្រធានាធិបតី ម៉ាកូស បានបន្ដ ថា «បណ្ដាតំណាងសម្ពន្ធមិត្ត និង ដៃគូពាក់ព័ន្ធទាំងនោះ នឹងជួយយើង តាមអ្វីដែលហ្វីលីពីន ទាមទារ ដើម្បីការពារ និងធានានូវអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និង យុត្តាធិការរបស់យើង ខណៈធានាបាននូវសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំក៏បានប្រាប់ដល់ពួកគេ អំពីតម្រូវការរបស់យើង ហើយយើងត្រូវបានគេធានា ថា ពួកគេនឹងត្រូវតែជួយដោះស្រាយ ចំពោះបញ្ហាទាំងនេះ»៕