2024-02-08 09:02
103

រាជធានីបាងកក៖ ប្រភពពីនាយកដ្ឋានកែប្រែ (DoC) បានអះអាង កាលពីថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) ថា អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវបញ្ចប់នូវការជាប់ពន្ធនាគារ នៅថ្ងៃទី១៨ ខែកុម្ភៈ ខណៈមានសេចក្ដីរាយការណ៍ ថា គាត់មានសិទ្ធិទទួលបាននូវការលើកលែងទោសពិសេសមួយ។ នេះបើតាមសារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពព័ត៌មាន ដែលបានដឹងអំពីបញ្ហានេះ បានអះអាងថា នាយកដ្ឋានកែប្រែ បានចងក្រងបញ្ជីរបស់អ្នកទោស ដែលមានសិទ្ធិ សម្រាប់ការដោះលែង និង ការលើកលែងទោសយ៉ាងពិសេសមួយ  សម្រាប់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យ នាដំណាក់កាលចុងក្រោយ។ ការលើកលែងទោសពិសេស អាចនឹងត្រូវផ្តល់ឱ្យអ្នកទោស ដែលមានវ័យលើសពី៧០ឆ្នាំ ឬ អ្នកមានជំងឺធ្ងន់ធ្ងរ ឬ ពិការ បន្ទាប់ពីពួកគេបានអនុវត្តទោសរបស់ខ្លួន ចំនួនមួយភាគបី។

លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ បានវិលត្រឡប់ មកកាន់ប្រទេសថៃ វិញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីការនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេល១៥ឆ្នាំរួចមក។ តុលាការកំពូល បានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារ រយៈពេល៨ឆ្នាំ សម្រាប់សំណុំរឿងតាមផ្លូវច្បាប់ទាំងមុន និង ចុងក្រោយរបស់គាត់។ ក្រោយមក ទោសទណ្ឌរបស់គាត់ ត្រូវបានកាត់បន្ថយ មកនៅត្រឹមជាប់គុក រយៈពេលមួយឆ្នាំ ក្រោមព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រថៃ។

ប្រភពពីក្រសួងយុត្ដិធម៌ថៃ បានអះអាងថា  បទប្បញ្ញត្តិរបស់នាយកដ្ឋានកែប្រែ ស្តីពីការពិនិត្យឡើងវិញនូវគុណវុឌ្ឍិរបស់អ្នកទោស សម្រាប់ការដោះលែងអ្នកទោស មិនបានបញ្ជាក់ អំពីករណីដែលត្រូវបានអនុញ្ញាតនោះឡើយ។ អ្នកទោសក្នុងករណីណាមួយ អាចនឹងត្រូវលើកលែងទោស ប្រសិនបើពួកគេបានបំពេញតាមលក្ខណៈវិនិច្ឆ័យរួចហើយ។
លោក ប្រាយុទ ភេចារ៉ាឃុន (Prayut Phetcharakhun) អ្នកនាំពាក្យ ការិយាល័យអគ្គព្រះរាជអាជ្ញា ( OAG) បានអះអាង កាលពីថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) ថា បើទោះជាព្រះមហាក្សត្រថៃ  ទ្រង់ព្រះរាជទានលើកលែងទោសដល់លោក ថាក់ស៊ីន តាមរយៈការលើកលែងទោសរួចហើយយ៉ាងក៏ដោយ ក៏នាយកដ្ឋានកែប្រែ បានអះអាង ថា ទ្រង់នឹងបំពេញតាមលក្ខខណ្ឌ សម្រាប់ការលើកលែងទោសពេញលេញផងដែរ។ ប៉ុន្តែលោក ថាក់ស៊ីន នៅតែប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ពីបទប្រមាថមហាក្សត្រ ចាប់តាំងពីឆ្នាំ២០១៦ ហើយអគ្គព្រះរាជអាជ្ញា នឹងសម្រេច ថាតើគាត់នឹងត្រូវចោទប្រកាន់ដែរឬអត់។

អ្នកនាំពាក្យ រូបនេះ បានបន្ដ ថា  OAG បានទទួលករណីនេះ ពីប៉ូលិស នៃនាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ លោក ថាក់ស៊ីន ត្រូវបានចោទប្រកាន់ ថា គាត់បានបរិហារកេរ្តិ៍មកលើរាជានិយម នៅក្នុងការអត្ថាធិប្បាយមួយរបស់គាត់ ត្រូវបានធ្វើឡើង នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។ អគ្គព្រះរាជអាជ្ញា បច្ចុប្បន្ន នៅមិនទាន់សម្រេច ថាតើគាត់គួរតែត្រូវបានចោទប្រកាន់ដែរឬអត់។

ដោយឡែក លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្ដីថៃ បានថ្លែង ថា ករណីរបស់លោក ថាក់ស៊ីន ស្ថិតក្រោមការត្រួតពិនិត្យរបស់នាយកដ្ឋានកែប្រែ និង ក្រសួងយុត្តិធម៌ ប៉ុន្ដែមិនមែនស្ថិតក្រោម OAG នោះឡើយ៕