2023-04-06 05:04
454

 

វ៉ាសូវី៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ទទួលបានកិច្ចសន្យាថ្មីសម្រាប់សហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ហើយបានថ្លែងអំណរគុណដល់ប្រទេសម្ចាស់ផ្នែកយោធា និងទទួលជនភៀសខ្លួនអ៊ុយក្រែន។

ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមឈ្លានពានលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសអ៊ុយក្រែន និងប្រទេសប៉ូឡូញ បានបង្កើនទំនាក់ទំនងកាន់តែរឹងមាំ ដោយរដ្ឋាភិបាលប៉ូឡូញដើរតួនាំមុខគេ ក្នុងការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីផ្តល់សព្វវុធធុនធ្ងន់ដល់ទីក្រុងគៀវ។

ក្នុងអំឡុងទស្សនកិច្ច កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីប៉ូឡូញ លោក ឣានឌឹហ្សេច ឌូដា (Andrzej Duda) បាននិយាយថា ប្រទេសប៉ូឡូញនឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវយន្តហោះចម្បាំងប្រភេទ MiG-29 ចំនួន១៤គ្រឿង ដែលផលិតនៅអតីតសហភាពសូវៀត។

ប្រទេសប៉ូឡូញ ដែលកាលពីអតីតកាលជាប្រទេសរណបសហភាពសូវៀត ឥឡូវនេះ គឺជាសមាជិកសហភាពអឺរ៉ុប និងសមាជិកអង្គការណាតូ មានការព្រួយបារម្ភថា មានការគំរាមកំហែងផ្នែកសន្តិសុខពីប្រទេសរុស្ស៊ី ហើយបានក្លាយជាអ្នកតស៊ូមតិនាំមុខគេសម្រាប់ការស្វែងរកជំនួយដល់ប្រទេសអ៊ុយក្រែន។

ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​វ៉ាសាវី ប្រទេសប៉ូឡូញ ក្នុង​សម័យ​សង្រ្គាម គឺដំណើរទស្សនកិច្ច​ដ៏​កម្រ​មួយសម្រាប់មេដឹកនាំ​អ៊ុយក្រែន​ ខណៈដំណើរទៅសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងប្រទេសបែលហ្ស៊ិក មិនត្រូវបានប្រកាសជាចំហដូចធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតី ប៉ូឡូញ លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែន បន្តការស្វាគមន៍យ៉ាងកក់ក្តៅ"ចំពោះកិច្ចការរបស់ប៉ូឡូញ ក្នុងស្វែងរកជំនួដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ក្រោយពេលចប់សង្គ្រាមន ដែលធនាគារពិភពលោកបានប៉ាន់ស្មានថា អាចត្រូវចំណាយអស់៤១ពាន់លានដុល្លារ។

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយទៀតថា ប្រទេសប៉ូឡូញគួរតែក្លាយជាដៃគូដ៏សំខាន់របស់អុយក្រែន ក្នុងការខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ នៅពេលសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ត្រូវបញ្ចប់។ ក្រោយមកទៀត លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានជួបជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាទិស ម៉ូរ៉ាវីគី (Mateusz Morawiecki) ហើយបាននិយាយថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនឡើងវិញ។

ចំណែកប្រធានាធិបតី ប៉ូឡូញ លោក ឣានឌឹហ្សេច ឌូដា ក៏បានផ្តល់មេដាយថ្នាក់ជាតិខ្ពស់បំផុតជូនលោកប្រធានាធិបតីអ៊ុយក្រែន ដែលមេដាជាកិត្តិយសខ្ពស់បំផុតរបស់ប្រទេសប៉ូឡូញ។

បន្ទាប់​ពី​ទទួល​បាន​មេដាយក៏ឧត្តុងឧត្តមនេះ លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាន​និយាយ​ «អ្នក​បាន​ឈរ​ស្មាកៀកស្មា​ជាមួយ​យើង ហើយ​យើងសូមថ្លៃង​​អំណរគុណ​ចំពោះ​ស្មារតីនេះ។ ខ្ញុំជឿថា ទាំងនេះ គឺជាទំនាក់ទំនងជាប្រវត្តិសាស្ត្រ លទ្ធផលជាប្រវត្តិសាស្ត្រ និងកម្លាំងជាប្រវត្តិសាស្ត្ររវាងប្រទេសរបស់យើង»

ចំណែកលោក ឣានឌឹហ្សេច ឌូដា បាន​និយាយ​ថា លោក​មាន​ទំនុក​ចិត្ត​ថា អ៊ុយក្រែន​នឹង​ទទួល​បាន​ជ័យជម្នះ​នៅក្នុងសង្គ្រាមរុស្ស៊ីឈ្លានពាននេះ។

លោក​ប្រធានាធិបតីប៉ូឡូញ បាន​និយាយ​ថា​ «​យើង​គ្មាន​ការ​ងឿង​ឆ្ងល់​ទេ ​ដែល​ការ​តស៊ូរបស់ទាហាន​អ៊ុយក្រែន​ប្រកបដោយ​វីរភាព ​ពិតជាបាន​ជួយ​សង្គ្រោះប្រទេស​អ៊ុយក្រែន។ យើង​គ្មាន​ការ​សង្ស័យ​ទេ​ថា ​ការ​តស៊ូរបស់​អ្នក​កំពុង​សង្គ្រោះ​អឺរ៉ុប​ ឲ្យរួចផុតពី​ការជាន់ឈ្ល់នៃ​ចក្រពត្តិនិយម​រុស្ស៊ី»

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលជាប្រទេសទទួលយកជនភៀសខ្លួនអ៊ុយក្រែនជាងមួយលាននាក់ នាពេលកន្លងមកនោះ បានកើតឡើងនៅពេលទាហានអ៊ុយក្រែន ត្រៀមវាយលុកនៅប៉ុន្មានសប្តាហ៍ខាងមុខ ឬប៉ុន្មានខែខាងមុខនេះ ដើម្បីដណ្តើមយកទឹកដីពីទាហានរុស្ស៊ីមកវិញ នៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន។

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គីបាននិយា កាលពីថ្ងៃម្សិលមិញថា ស្ថានភាពនៅក្នុងទីក្រុង បាក់មុត (Bakhmut) ភាគខាងកើតអ៊ុយក្រែន គឺពិបាកខ្លាំងណាស់ ហើយការសម្រេចចិត្តនឹងត្រូវប្រកាសភ្លាម ប្រសិនបើកងទ័ពអ៊ុយក្រែននៅទីនោះ. ប្រឈមមុខនឹងការឡោមព័ទ្ធជាប់ពីកងកម្លាំងរុស្ស៊ី។

លោកបាននិយាយដូច្នេះថា «សម្រាប់ខ្ញុំ សំខាន់បំផុត គឺមិនត្រូវបាត់បង់ទាហានរបស់យើងទេ ហើយពិតណាស់ប្រសិនបើមានព្រឹត្តិការណ៍កាន់តែក្តៅ ហើយគ្រោះថ្នាក់អាចបាត់បង់ទាហានរបស់យើងដោយសារតែការឡោមព័ទ្ធពីទាហានរុស្ស៊ី។ ជាការពិតណាស់ការសម្រេចចិត្តត្រឹមត្រូវ គឺឧត្តមសេនីយ៍នៅទីនោះ ជាអ្នកសម្រេច»

លោក ឣានឌឹហ្សេច ឌូដា បាននិយាយថា ប្រទេសប៉ូឡូញកំពុងធ្វើការឆ្ពោះទៅរកការធានាសន្តិសុខបន្ថែមសម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងប្រារព្ធឡើងនៅក្នុងប្រទេសលីទុយអានី នៅខែកក្កដា ឆ្នាំ២០២៣នេះ។

បន្ថែមពីលើជំនួយយន្តហោះចម្បាំងប្រភេទ MiG-29 ចំនួន១៤គ្រឿងពីប្រទេសប៉ូឡូញ មន្ត្រីអ៊ុយក្រែន ក៏បានជំរុញប៉ូឡូញផ្តល់យន្តហោះចម្បាំងប្រភេទ F-16 ផលិតនៅសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពទ័ពអ៊ុយក្រែន ប៉ុន្តែទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី ប៉ូឡូញ បាននិយាយថា ប្រទេសប៉ូឡូញនឹងមិនអាចសម្រេចចិត្តណាមួយក្នុងពេលឆាប់ៗនេះបានទេ៕