2024-04-01 04:04
66

រដ្ឋធានីមូស្គូ៖ សង្គ្រាម រវាងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងកៀវ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ បានឆក់យកអាយុជីវិតរបស់មនុស្សយ៉ាងច្រើន ស្របពេលរុស្សី កំពុងតែជាប់ផុង នៅក្នុងជម្លោះ នៅលើទឹកដីរបស់អ៊ុយក្រែន ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ ប៉ុន្ដែឥឡូវ មានសេចក្ដីរាយការណ៍ជាថ្មី អំពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញបទបញ្ជាមួយ អំពីការជ្រើសរើសទាហាន មានចំនួនជាង១០ម៉ឺននាក់បន្ថែមទៀត។

បណ្ដាញទូរទស្សន៍របស់អាល្លឺម៉ង់ DW បានផ្សាយ កាលពីថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើក្រឹត្យមួយ  ជ្រើសរើសទាហាន រហូតដល់១៥០ ០០០នាក់។ រីឯក្រឹត្យនេះ ត្រូវបានបង្ហោះ នៅលើគេហទំព័ររបស់វិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យ (ទី៣១ ខែមីនា ឆ្នាំ២០២៤)។ ចំណែក មនុស្សប្រុសទាំងអស់ រស់នៅក្នុងប្រទេសរុស្ស៊ី តម្រូវឲ្យចូលបម្រើការងារជាទាហាន រយៈពេលមួយឆ្នាំ។

បើតាមគេហទំព័រ Statista បានឲ្យដឹង ថា រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ី មានទាហានសកម្ម ប្រហែល ១,៣២លាននាក់ និង ទាហានបម្រុង ចំនួន២លាននាក់។ រីឯការកេណ្ឌទ័ពនេះ មិនមែនមានគោលដៅ សម្រាប់តែការបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុណ្ណោះទេ។

កាតព្វកិច្ចយោធា ក្លាយជាបញ្ហាដ៏រសើបបំផុតមួយ ក្នុងប្រទេសរុស្សី អស់រយៈពេលយូរមកហើយ ចាប់តាំងពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាដល់កម្លាំងទាហានរបស់គាត់ ឲ្យបើកទ្វារព្រំដែន ចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ រីឯបុរសជនជាតិរុស្ស៊ីជាច្រើន តែងតែព្យាយាមចៀសវាងនូវការចុះឈ្មោះចូលធ្វើទាហាន នៅក្នុងអំឡុងពេលមានការកោះហៅឲ្យចូលបម្រើកងទ័ព ចំនួនពីរដង នៅក្នុងរយៈពេលមួយឆ្នាំ។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានអះអាង កាលពីដំបូងដល់ទាហានថ្មីទាំងនោះ ថា  ពួកគេ នឹងមិនត្រូវបញ្ជូនទៅកាន់សមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ ព្រោះពួកគេ មិនត្រូវបានដាក់ពង្រាយតាមច្បាប់ ឲ្យចូលទៅប្រយុទ្ធ នៅខាងក្រៅពីទឹកដីរបស់រុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអាទិត្យ បានបញ្ចេញឯកសារដោះលែងទាហាន ទើបនឹងបញ្ចប់ការហ្វឹកហ្វឺនមូលដ្ឋានរបស់ពួកគេ ចេញពីការបម្រើការងារ នៅក្នុងជួរកងទ័ព។

ទាហានដែលបានទទួលការបណ្តុះបណ្តាលទាំងនេះ មានជម្រើសនៅក្នុងការស្ម័គ្រចិត្ត សម្រាប់ការបម្រើការងារ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមនុស្សជាច្រើន មានអារម្មណ៍ ថា ពួកគេមានសម្ពាធ នៅក្នុងការចុះឈ្មោះ។ ប៉ុន្ដែកាលពីឆ្នាំ២០២៣ រុស្ស៊ី បានសម្រេចបង្កើនអាយុទាហាន អតិបរមា ចំនួន៣ឆ្នាំ ដោយបង្កើនអាយុ សម្រាប់មនុស្សប្រុស ដែលអាចត្រូវអាជ្ញាធរ កោះហៅឱ្យចូលបំពេញកាតព្វកិច្ចកងទ័ព។ ឥឡូវនេះ មនុស្សប្រុសទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី មានអាយុរហូតដល់៣០ឆ្នាំ អាចនឹងត្រូវកោះហៅឲ្យចូលទៅបំពេញកាតព្វកិច្ចកងទ័ព។

ស្របពេលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យកេណ្ឌទ័ពបន្ថែមនោះ ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ នៅដើមខែមេសា ឆ្នាំ២០២៤ ថា ចក្រភពអង់គ្លេស បានប៉ាន់ប្រមាណ ថា បុគ្គលិកយោធារុស្ស៊ី ប្រហែល ៣៥៥ ០០០នាក់ បានបាត់បង់ជីវិត និង រងរបួស ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូ បានបើកការវាយលុកទ្រង់ទ្រាយធំ ទៅលើទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។

លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ( Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាង កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ថា កងទ័ពការពារទឹកដីអ៊ុយក្រែន ចំនួន ៣១ ០០០នាក់ បានបាត់បង់អាយុជីវិត នៅក្នុងសង្គ្រាមរបស់រុស្ស៊ី អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ។ ស្របគ្នានេះដែរ ចំនួនប្រជាជនអ៊ុយក្រែន ដែលមានគោលបំណង ចង់ចូលបម្រើការងារ នៅក្នុងជួរកងទ័ព ក៏បានធ្លាក់ចុះ ខណៈរដ្ឋាភិបាលក្រុងកៀវ (Kyiv) បានបង្កើនគោលនយោបាយជ្រើសរើសកងទ័ពផងដែរ។

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រុស្ស៊ី មិនធ្លាប់បង្ហាញតួលេខ អំពីទាហានរបស់ខ្លួន រងគ្រោះថ្នាក់ស្លាប់ ឬ រងរបួស នៅក្នុងសង្គ្រាមនេះឡើយ។ ប៉ុន្ដែអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះសារ នៅលើបណ្ដាញសង្គម ថា បើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ទាហានរុស្ស៊ី ចំនួន ៤៤២ ៨៨០នាក់ បានស្លាប់នៅលើសមរភូមិរបស់អ៊ុយក្រែន៕