2024-03-01 11:03
86

សិង្ហបុរី៖ ប្រាក់ដុល្លាររបស់អាមេរិក នៅតែមានស្ថិរភាព បើគិតត្រឹមព្រឹក ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទិន្នន័យ បានបង្ហាញ ថា អតិផរណារបស់សហរដ្ឋអាមេរិក នៅតែបន្ដ ប៉ុន្តែស្ថានភាពបែបនេះ បានធូរស្រាលបន្តិចម្តងៗ ដោយរក្សាបាននូវឱកាស នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាល Federal Reserve នៅក្នុងខែមិថុនា ស្របពេលប្រាក់យ៉េន (Yen) របស់ជប៉ុន បានធ្លាក់ចុះខ្លាំង រហូតដល់កម្រិតមួយ គឺ១៥០យេន នៅក្នុងមួយដុល្លារអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ នេះ។

ដោយឡែក រូបិយវត្ថគ្រីបតូ (Cryptocurrency) បានកើនឡើង ចំនួន៤៥ភាគរយ នៅក្នុងខែកុម្ភៈ។ នេះជាការកើនឡើងប្រចាំខែដ៏ច្រើនបំផុតរបស់រូបិយវត្ថុគ្រីបតូ នៅក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ហើយវាបានជំរុញឲ្យសាច់ប្រាក់ប្រញាប់ប្រញាល់ ចូលទៅក្នុងមូលនិធិប្តូរប្រាក់ ដែលត្រូវបានអនុម័ត និង ដាក់ឱ្យដំណើរការនៅឆ្នាំនេះ នៅសហរដ្ឋអាមេរិក។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់រូបិយប័ណ្ណអាមេរិក ធៀបនឹងគូប្រជែង ចំនួនប្រាំមួយ គឺនៅ តែរក្សាបាន ចំនួន១០៤,១១ បន្ទាប់ពីការជួញដូរពេញមួយយប់ ក្រោយពេលមានរបាយការណ៍អំពីអតិផរណា។ ទិន្នន័យបានបង្ហាញ ថា តម្លៃប្រាក់របស់សហរដ្ឋអាមេរិក បានកើនឡើងនៅក្នុងខែមករា ស្របតាមការរំពឹងទុក ខណៈអតិផរណាប្រចាំឆ្នាំ បានធ្លាក់ចុះមកដល់កម្រិតទាបបំផុត នៅក្នុងរយៈពេល៣ឆ្នាំ៕