2024-01-24 04:01
121

ទីក្រុងហ្កាហ្សា៖ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អ៊ីស្រាអែល បាននិងកំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដេញតាមកម្ទេចក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ទើបធ្វើឲ្យប្រទេសនេះ បានរងនូវការខាតបង់ទាហានយ៉ាងច្រើន ប៉ុន្ដែឥឡូវ សហរដ្ឋអាមេរិក កំពុងតែជំរុញឲ្យសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនមួយនេះផ្អាកប្រតិបត្ដិការយោធា។

ទីភ្នាក់ងារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ ថា កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលអន្តរជាតិយ៉ាងខ្លាំងក្លា កំពុងតែធ្វើការ ឆ្ពោះទៅរកការដោះដូចំណាប់ខ្មាំងរបស់អ៊ីស្រាអែល ជាមួយនឹងអ្នកទោសប៉ាឡេស្ទីន នៅក្នុងអំឡុងពេលបទឈប់បាញ់ រយៈពេលមួយខែ ដែលបានស្នើឡើង នៅតំបន់ហ្កាហ្សា ខណៈសេតវិមាន បានអះអាង ថា បេសកជនរបស់ខ្លួន កំពុងតែរពិភាក្សាយ៉ាងសកម្មលើបញ្ហានេះ។

បើតាមប្រភពជាច្រើន បានអះអាង ថា ប្រទេសកាតារ សហរដ្ឋអាមេរិក និង អេហ្ស៊ីប បានបើកការទូត ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ រហូតមក ហើយអ៊ីស្រាអែល និង ក្រុមហាម៉ាស់បានយល់ព្រមជាគោលការណ៍ ចំពោះផែនការក្របខ័ណ្ឌនេះ។ បញ្ហានេះកំពុងតែមានការខ្វែងគំនិតគ្នា រវាងភាគីទាំងពីរ អំពីរបៀប ដើម្បីបញ្ចប់ជាអចិន្ត្រៃយ៍ ចំពោះសង្រ្គាមនៅហ្កាហ្សា។

បើទោះជាយ៉ាងណា ក្រសួងការបរទេសសហរដ្ឋអាមេរិក និង សេតវិមានរបស់ប្រធានាធិបតី ចូ បៃដិន ហើយក្រសួងការបរទេសកាតារ និង ទីភ្នាក់ងាររដ្ឋអេហ្ស៊ីប នៅមិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗ ជុំវិញវិញសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នោះឡើយ។

ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី២២ ខែមករា) បានទទួលរងការបាត់បង់ទាហានដ៏ច្រើនបំផុត នៅក្នុងការប៉ះទង្គិចគ្នា អស់រយៈពេលជាងបីខែកន្លងមកនេះ ដោយមានមនុស្សស្លាប់ ចំនួន២៤នាក់ នៅក្នុងឧប្បត្តិហេតុពីរផ្សេងគ្នា។ 

ស្របគ្នានេះ មន្ត្រីអ៊ីស្រាអែល បានរម្លឹកឡើងវិញ ថា គោលបំណងនៃសង្គ្រាមរបស់ខ្លួន គឺប្រឆាំងនឹងចលនាហាម៉ាស់ប៉ាឡេស្ទីន ដែលដំណើរការ នៅតំបន់ហ្កាហ្សា គឺមិនផ្លាស់ប្តូរនោះឡើយ ហើយកិច្ចខិតខំប្រឹងប្រែងនេះ កំពុងតែត្រូវបានធ្វើឡើង សម្រាប់ដោះលែងចំណាប់ខ្មាំងជាង១០០នាក់។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានបញ្ជាក់ ថា «នៅក្នុងនាមជាវីរជនរបស់យើង សម្រាប់ជោគវាសនា នៃជីវិតរបស់យើង យើងនឹងមិនបញ្ឈប់នូវការប្រយុទ្ធ រហូតល្គឹកណាទទួលបានជ័យជម្នះយ៉ាងពិតប្រាកដ»។

លោក អេឡុន ឡេវី (Eylon Levy) អ្នកនាំពាក្យ រដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់ ថា នឹងមិនមានបទឈប់បាញ់ ដែលទុកឲ្យក្រុមហាម៉ាស់ មានអំណាច និង កាន់កាប់ចំណាប់ខ្មាំង នៅតំបន់ហ្កាហ្សា ក្រោយពេលសកម្មប្រយុទ្ធរបស់ពួកគេ បានឆ្មក់វាយប្រហារឆ្លងដែន ចូលទៅលើទឹកដីរបស់អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ប្រហែល ១ ២០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ចំនួន២៤០នាក់។

ក្រុមមន្រ្ដីសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ ថា សង្គ្រាមសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស នៅតំបន់ហ្កាហ្សា យ៉ាងតិចជាង ២៥ ០០០នាក់ ហើយមានចំនួន៧០ភាគរយ នៃជនរងគ្រោះជាកុមារ និង ស្រ្ដី៕