2024-03-20 01:03
103

រដ្ឋធានីមូស្គូ៖ វិមានក្រឹមឡាំង បានជំរុញឲ្យអាជ្ញាធររុស្ស៊ី ជម្លៀសកុមាររាប់ពាន់នាក់ចេញពីព្រំដែន និង បង្កើតតំបន់សុវត្ថិភាព គេចចេញពីមីស៊ីលបាញ់ចម្ងាយឆ្ងាយ ក្រោយពេលអ៊ុយក្រែន បាញ់ប្រហារ ឆ្លងព្រំដែន ចូលទៅទឹកដីរបស់រុស្ស៊ី។

បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ថា ក្រុមមន្ត្រីក្នុងតំបន់ បានបញ្ជាក់ ថា ប្រទេសរុស្ស៊ី គ្រោងនឹងជម្លៀសកុមារ ប្រហែល ៩ ០០០នាក់ ចេញពីតំបន់ព្រំដែន ដោយសារតែតំបន់នោះ ត្រូវបានបាញ់ផ្លោងជាបន្តបន្ទាប់ ដោយកងទ័ពអ៊ុយក្រែន។

លោក វីយ៉ាឆេស្លាវ ហ្លាដកូវ (Vyacheslav Gladkov) អភិបាលតំបន់ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ក្មេងៗនឹងត្រូវតែជម្លៀសចេញពីតំបន់បែលហ្គោរ៉ូដ (Belgorod) ទៅភាគខាងកើត  ឆ្ងាយពីព្រំដែនរបស់អ៊ុយក្រែន។

ការប្រកាសនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែង ថា វិមានក្រឹមឡាំង ចង់បង្កើតតំបន់ការពារមួយ សម្រាប់ជួយការពារតំបន់ព្រំដែន បញ្ចៀសពីការវាយប្រហារដោយអាវុធបាញ់ចម្ងាយឆ្ងាយរបស់អ៊ុយក្រែន និង ការវាយឆ្មក់វាយប្រហារឆ្លងព្រំដែន ដែលតែងតែកើតឡើងញឹកញាប់ជាងមុន នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ។អ៊ុយក្រែន បានប្រើប្រាស់កម្លាំងបាញ់កាំជ្រួច រយៈចម្ងាយឆ្ងាយរបស់ខ្លួន វាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង និង ឃ្លាំងផ្ទុកប្រេង ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ហើយបានស្វែងរកការដោះស្រាយតំបន់ព្រំដែនរបស់រុស្ស៊ី តាមរយៈការដាក់សម្ពាធខាងនយោបាយ ទៅលើលោកប្រធានាធិបតី ពូទីន។


កាលពីសប្តាហ៍មុន ការឆ្មក់វាយប្រហារ មកលើតំបន់បែលហ្គោរ៉ូដ (Belgorod) និង ឃើស្គ (Kursk) ត្រូវបានក្រសួងការពារជាតិរុស្ស៊ី បានអះអាង ថា កម្លាំងយោធា និង សន្តិសុខរបស់ក្រុងមូស្គូបានរារាំង ដោយបានសម្លាប់យុទ្ធជន ចំនួន៣០នាក់៕