2024-03-05 08:03
95

រដ្ឋធានីមូស្គូ៖ ស្របពេលរដ្ឋាភិបាលក្រុងមូស្គូ កំពុងតែផុងខ្លួន នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានអះអាង អំពីការបែកធ្លាយការសម្ងាត់របស់អាល្លឺម៉ង់ ជុំវិញទំនាក់ទំនងរបស់លោកខាងលិច នៅក្នុងប្រទេសអ៊ុយក្រែន។
   ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ ថា វិមានក្រឹមឡាំង បានអះអាង កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា) ថា ចេតនា នៃការធ្វើឲ្យបែកធ្លាយនូវការសន្ទនា រវាងក្រុមមន្រ្ដីអាល្លឺម៉ង់ កំពុងពិភាក្សាគ្នា អំពីការវាយប្រហារដ៏ខ្លាំងក្លា ទៅលើឧបទ្វីគ្រីមៀ (Crimea) បានបង្ហាញ ថា បណ្ដាប្រទេសបស្ចិមលោក កំពុងតែចូលរួម នៅក្នុងជម្លោះ នៅប្រទេសអ៊ុយក្រែន។
   ការបែកធ្លាយកិច្ចការសម្ងាត់ ដែលបានកើតឡើងនេះ ជាក្លាយជាការអាម៉ាស់មួយ សម្រាប់រដ្ឋាភិបាលក្រុងប៊ែរឡាំង ដែលកំពុងតែស្ថិតក្រោមសម្ពាធ ចំពោះការផ្គត់ផ្គង់             មីស៊ីស Taurus (តូរូស) ទៅជួយដល់រដ្ឋាភិបាលក្រុងកៀវ ដែលកំពុងតែជួបប្រទះនឹងបញ្ហាកង្វះខាតគ្រាប់រំសេវ។
  លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ថា«ការសន្ទនា ជាថ្មីម្តងទៀត បញ្ជាក់អំពីការចូលរួម ដោយផ្ទាល់ជាសមូហភាពរបស់លោកខាងលិច នៅក្នុងជម្លោះ នៅអ៊ុយក្រែន»។

   ការថត អំពីការចរចា រវាងក្រុមមន្រ្ដីអាល្លឺម៉ង់ មានរយៈពេល៣៨នាទី ត្រូវបានបង្ហោះ កាលពីល្ងាច ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្ដាញសង្គមរបស់រុស្ស៊ី។ ក្រុមមន្រ្ដីទាំងនោះ កំពុងតែពិភាក្សាគ្នា ទៅលើការប្រើប្រាស់មីស៊ីល Taurus របស់អាល្លឺម៉ង់ នៅក្នុងប្រទេសអ៊ុយក្រែន និង ផលប៉ះពាល់ នៃមីស៊ីលទាំងនេះ នាពេលអនាគត។
អាល្លឺម៉ង់ បានអះអាង  ថា ក្រុងប៊ែរឡាំង ជឿ ថា ការថតនោះ បង្ហាញអំពីការសន្ទនា ត្រូវបានគេលួចចូល នៅក្នុងកងពលទ័ពអាកាស ប៉ុន្តែអាល្លឺម៉ង់ មិនអាចប្រាប់ ថាតើបញ្ហានេះ ត្រូវបានកែសម្រួលដែរឬអត់នោះទេ។
   បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង នៅតែស្ទាក់ស្ទើរ ចំពោះការបញ្ជូនមីស៊ីលបាញ់ចម្ងាយឆ្ងាយ ទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះតែមានការព្រួយបារម្ភ អំពីការចូលពាក់ព័ន្ធនឹងសង្គ្រាមនេះ។
   ស្របគ្នានេះដែរ ក្រុមអ្នករិះគន់ បានអះអាង ថា ក្រុមមន្ត្រីអាល្លឺម៉ង់ បានប៉ាន់ស្មាន អំពីការគំរាមកំហែងផ្នែកសន្តិសុខ ដោយពិភាក្សា អំពីអាថ៌កំបាំងយោធា តាមរយៈវេទិកាស្តង់ដារ ដូចជា WebEx ដោយមានអ្នកចូលរួមម្នាក់ ហៅទូរស័ព្ទ មកពីប្រទេសសិង្ហបុរី។ ប៉ុន្ដែអាល្លឺម៉ង់ បានអះអាង ថា ការបែកធ្លាយសារសំឡេង គឺជាការវាយប្រហារព័ត៌មានក្លែងក្លាយកូនកាត់របស់រុស្ស៊ី ។