2024-02-28 11:02
99

រដ្ឋធានីមូស្គូ៖ នាយករដ្ឋមន្រ្ដីរុស្ស៊ី បានសម្រេចបញ្ជាឲ្យផ្អាកនូវការនាំចេញប្រេង រយៈពេល៦ខែ ចាប់ពីសប្ដាហ៍ក្រោយទៅ ខណៈតម្រូវការ នៅក្នុងស្រុក មានការកើនឡើង               ខ្ពស់។ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានរាយការណ៍ កាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក មីខាល មីស៊ូស្ទីន (Mikhail Mishustin) នាយករដ្ឋមន្រ្ដីរុស្ស៊ី បានសម្រេច បញ្ជាឲ្យផ្អាកនូវការនាំប្រេងចេញ ទៅក្រៅប្រទេស។ 

បទបញ្ជានេះ នឹងត្រូវគេរំពឹង ថា នឹងចាប់ផ្ដើម នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ហើយបម្រាមស្រដៀងគ្នានេះ បានកើតឡើងរួចមកហើយ កាលពីឆ្នាំ២០២៣ ដោយបានណែនាំឲ្យចៀសវាងនូវការខ្វះខាត និង ការកើនឡើងតម្លៃប្រេង នៅលើទីផ្សារក្នុងស្រុក។

បើតាមព្រឹត្ដិប័ត្រសារព័ត៌មានរបស់រុស្ស៊ី RBCបានបញ្ជាក់ថាលោកអាឡិចសាន់ដឺណូវ៉ាក់ (Alexander Novak) ឧបនាយករដ្ឋមន្រ្ដីរុស្ស៊ី បានស្នើឡើង នៅក្នុងលិខិតមួយ កាលពីថ្ងៃទី២១ខែកុម្ភៈ ដោយកំណត់នូវការនាំចេញប្រេងខណៈទីផ្សារក្នុងស្រុកបានកើនឡើងព្រឹត្ដិប័ត្រព័ត៌មាន RBC បានដកស្រង់សម្ដីរបស់លោកឧបនាយករដ្ឋមន្រ្ដី ដោយបានអះអាង ថា  ឲ«ដើម្បីលៃលកតាមតម្រូវការដ៏លើសលប់ នៃផលិតផលប្រេង វាចាំបាច់ត្រូវតែចាត់វិធានការ ដើម្បីជួយថែរក្សាស្ថិរភាពតម្លៃ នៅលើទីផ្សារក្នុងស្រុក»។

បើទោះជាយ៉ាងណា ការហាមប្រាមនេះ នឹងមិនអនុវត្ត ចំពោះរដ្ឋសមាជិក នៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ដោយរួមមាន៖ ប្រទេសអាមេនី(Armenia), បេឡារុស (Belarus), កាហ្សាក់ស្ថាន (Kazakhstan) និង កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ហើយក៏បន្ថែមទៅលើប្រទេសម៉ុងហ្គោលី និង អ៊ូសបេគីស្ថាន (Uzbekistan) ក៏ដូចជា តំបន់ដាច់ចេញពីប្រទេសហ្សកហ្ស៊ី (Georgia) រួមមាន អាប់ខាហ្ស៊ី (Abkhazia) និង អូសសេទៀខាងត្បូង (South Ossetia) ផងដែរ។ប្រទេសរុស្ស៊ី ក៏ធ្លាប់ណែនាំនូវការហាមប្រាម លើការនាំចេញប្រេងឥន្ធនៈ កាលពីខែកញ្ញា ឆ្នាំ២០២៣ រួចមកហើយ ខណៈរដូវរងា បានខិតចូលមកដល់ ដោយសារតែតម្រូវការក្នុងស្រុកកើនឡើងខ្ពស់ ដែលនាំឱ្យតម្លៃកើន និង ការខ្វះខាតប្រេង។

ប្រទេសរុស្ស៊ី បានផលិតប្រេងចំនួន ៤៣,៩លានតោន នៅក្នុងឆ្នាំ២០២៣ ហើយនៅក្នុងចំណោមប្រេងទាំងនោះ ត្រូវបាននាំចេញប្រហែល ៥,៧៦លានតោន។ រីឯប្រទេសដែលបាននាំចូលប្រេងច្រើនជាងគេបំផុតរបស់រុស្ស៊ី ភាគច្រើន នៅទ្វីបអាហ្វ្រិក រួមមាន នីហ្សេរីយ៉ា លីប៊ី និង ទុយនីស៊ី ក៏ដូចជា អារ៉ាប់រួម (United Arab Emirates) ផងដែរ។

ប្រទេសរុស្ស៊ី កំពុងតែកាត់បន្ថយនូវការនាំចេញប្រេង និង ឥន្ធនៈរបស់ខ្លួន ដោយស្ម័គ្រចិត្ត រួចជាស្រេច ចំនួន ៥00 000 បារ៉ែល នៅក្នុងមួយថ្ងៃ នៅត្រីមាសទី១ ដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ OPEC+ ដើម្បីគាំទ្រតម្លៃប្រេង៕