2024-03-07 02:03
91

(កៀវ)៖ មេបញ្ជាការកំពូលមួយរូបនៃយោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធ                សប្តាហ៍នេះថា យោធាអ៊ុយក្រែននឹងធ្វើឱ្យស្ថានការណ៍ នៅសមរភូមិមានស្ថេរភាពឡើងវិញឆាប់ៗនេះ ហើយមានបំណងបង្កើតអង្គភាពធ្វើប្រតិបត្តិការវាយបកនៅចុងឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ ២០២៤។

នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ លោក Oleksandr Pavliuk ដែលទើបក្លាយជាមេបញ្ជាការកងទ័ពជើងគោកថ្មីៗនេះ បានបញ្ជាក់ថា «យើងនឹងធ្វើឱ្យស្ថានការណ៍មានស្ថិរភាពក្នុងពេលដ៏ខ្លី ហើយធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរៀបចំកងទ័ពឱ្យបង្កើនសកម្មភាពវាយលុក ដណ្តើមយកទឹកដីមកវិញ»។ លោក Pavliuk បានបន្ថែមថា ការងារបច្ចុប្បន្ន គឺសំដៅថយដកអង្គភាពយោធាដែលបាត់បង់សក្តានុពល ហើយស្ដារសមត្ថភាពពួកគេឡើងវិញ ដើម្បីបង្កើតជាកងកម្លាំងសម្រាប់សកម្មភាពវាយបកនៅឆ្នាំនេះ។

គួរបញ្ជាក់ថា រយៈពេល ៩ខែនៃការធ្វើសង្រ្គាមដែលមានស្ថិរភាពនៅតំបន់ជួរមុខភាគច្រើន កងកម្លាំងអ៊ុយក្រែន បានជួបប្រទះនូវការដកថយចេញពីទីក្រុង Avdiivka ដែលស្ថិតនៅភាគខាងកើត ក្រោយធ្លាក់ទៅលើដៃរុស្ស៉ី កាលពីដើមខែកុម្ភៈ៕