2024-02-23 04:02
90

រដ្ឋធានីមូស្គូ៖  ក្រោយពេលមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យធ្វើសង្គ្រាម ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រួចមក កម្លាំងទាហានរុស្ស៊ី បានចូលទៅជិតដល់រដ្ឋធានីកៀវ ប៉ុន្ដែបានទទួលរងបរាជ័យ ហើយដកទៅកាន់តំបន់ភាគខាងកើត និង ភាគខាងត្បូងរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ប៉ុន្ដែឥឡូវ អតីតប្រធានាធិបតីរុស្ស៊ី បានអះអាងអំពីទាហានរបស់ប្រទេសគាត់ នឹងចូលទៅកាន់រដ្ឋធានីកៀវ សាជាថ្មី។

 បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា  បើតាមទីភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រង ដោយរដ្ឋ រុស្ស៊ី បានរាយការណ៍ ថា លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ខណៈបច្ចុប្បន្ន មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខ បានអួតអាង កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) ថា កម្លាំងទាហាន        រុស្ស៊ី អាចនឹងចូលទៅកាន់រដ្ឋធានីកៀវ ដើម្បីសម្រេចបានគោលបំណងនានា តាមអ្វីដែលរដ្ឋាភិបាលក្រុងមូស្គូ ហៅជា«ប្រតិបត្ដិការយោធាពិសេស»

 លោកអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី រូបនេះ បានសង្កត់ធ្ងន់ ថា ជនជាតិរុស្ស៊ី និង អ៊ុយក្រែន គឺជាប្រជាជាតិតឺមួយ ហើយរដ្ឋាភិបាលអ៊ុយក្រែន តាមអ្វីដែលក្រុងមូស្គូ ហៅជា «របបក្រុងកៀវ» ត្រូវតែបរាជ័យ។បើគិតចាប់តាំងពីថ្ងៃ នៃការផ្ទុះសង្គ្រាមដំបូង រហូតមដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សង្គ្រាមនេះ បានអូសបន្លាយ អស់រយៈពេលជិតគម្រប់២ឆ្នាំកន្លងមកហើយ ខណៈការប្រយុទ្ធគ្នា កំពុងតែបន្ដ។ ជម្លោះ រវាងប្រទេសជិតខាងទាំង២ ដែលធ្លាប់ជ្រកក្រោមដំបូលសហភាពសូវៀត ជាមួយគ្នានេះ បានបង្កនូវមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុត ខណៈកងទ័ពទាំងសងខាង បាត់បង់ជីវិត មានចំនួនរាប់សែននាក់។

 បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថា បើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ រុស្ស៊ី បានបាត់បង់កម្លាំងទាហាន នៅលើសមរភូមិ សរុប ៤០៧ ២៤០នាក់ ដោយរាប់បញ្ចូលទាំងការស្លាប់ ចំនួន ១ ១៦០នាក់ កាលពីរយៈពេល២៤ម៉ោងមុននេះផងដែរ។បើទោះជាយ៉ាងណា មិនមានប្រភពឯករាជ្យណាមួយបញ្ជាក់នោះឡើយ            ខណៈអ៊ុយក្រែន មិនបានបញ្ជាក់ អំពីតួលេខទាហានរបស់ខ្លួនរងរបួស និង ស្លាប់នោះឡើយ៕