2024-03-21 09:03
83

រដ្ឋធានីមូស្គូ៖ ស្របពេលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង) កំពុងតែចំណាយថវិកា រហូតជិតដល់៣ពាន់លានដុល្លារអាមេរិក សម្រាប់ពង្រីកមូលដ្ឋានយោធារបស់ខ្លួន នៅតំបន់អឺរ៉ុបខាងកើតនោះ ក្រុមមន្រ្ដីរុស្ស៊ី បានព្រមានកាន់តែខ្លាំងឡើង ដល់សកម្មភាពរបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់លោកខាងលិច នៅក្នុងប្រទេសរ៉ូម៉ានី។

សារព័ត៌មាន Romania Insider បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ថា ក្រុមអ្នកនយោបាយ និង ការទូតរបស់រុស្ស៊ី កំពុងតែប្រតិកម្មយ៉ាងខ្លាំង ជាមួយនឹងការគំរាមគំហែង ចំពោះសេចក្ដីរាយការណ៍ ថា ប្រទេសរ៉ូម៉ានី កំពុងតែកសាងមូលដ្ឋានកងទ័ពដ៏ធំបំផុតរបស់អង្គការណាតូ នៅក្នុងតំបន់អឺរ៉ុប។ ប្រទេសធ្លាប់ជាអតីតកុម្មុយនិស្ដមួយនេះ  កាលពីអំឡុងឆ្នាំ២០១៩ បានផ្ដួចផ្ដើមគំនិត អំពីគម្រោងមានទំហំទឹកប្រាក់ ២,៥ពាន់លានអឺរ៉ូ (លុយអឺរ៉ុប) ឬស្មើនឹងប្រហែលជាង ២,៧១ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់មូលដ្ឋានកងទ័ពដ៏ធំបំផុតរបស់អង្គការណាតូ នៅលើទឹកដីរបស់ខ្លួន។ គម្រោងនេះ ត្រូវគេរំពឹង ថា នឹងចំណាយពេល២០ឆ្នាំ នឹងត្រូវសាងសង់រួចរាល់។

ការពង្រីកមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu ៥៧ នៅលើឆ្នេរសមុទ្រខ្មៅ ស្ថិតក្នុងប្រទេសរ៉ូម៉ានី បានធ្វើឲ្យក្រុមមន្ត្រីរុស្ស៊ី ក្ដៅក្រហាយយ៉ាងខ្លាំង ហើយបានចាត់ទុក ថា នេះជាសកម្មភាពបង្រួបបង្រួមផ្នែកខាងកើតរបស់ណាតូ។ បើទោះជាយ៉ាងណាក៏ដោយ បញ្ហានេះជារឿងដ៏សំខាន់បំផុត នៅក្នុងការកត់សម្គាល់ប្រតិទិន រយៈពេលវែង នៃគម្រោងនេះ ហើយការពិតនៅត្រង់ ថា មូលដ្ឋានកងទ័ពដ៏ធំបំផុតរបស់អង្គការណាតូ ត្រូវបានផ្តួចផ្តើមជាយូរមកហើយ ពោលគឺវាបានកើតឡើង នៅមុនពេលរុស្ស៊ី បានចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ។

លោក អេនដ្រេ គ្លីម៉ូវ (Andrei Klimov)  អនុប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃក្រុមប្រឹក្សាសហព័ន្ធន៍រុស្ស៊ី បានព្រមាន ថា «គម្រោងនេះ តំណាងឱ្យការគំរាមកំហែង សម្រាប់រដ្ឋាភិបបាលប៊ូចារ៉ែស្ដ (Bucharest)។ មូលដ្ឋានកងទ័ព ប្រឆាំងនឹងរុស្ស៊ី កាន់តែធំ វាកាន់តែខិតឆ្ពោះទៅជិតព្រំដែនរបស់រុស្ស៊ី នោះទំនងជាវាស្ថិតក្នុងចំណោមគោលដៅដំបូង សម្រាប់ការវាយប្រហារសងសឹក»។

លោកអនុប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃក្រុមប្រឹក្សាសហព័ន្ធន៍រុស្ស៊ី រូបនេះ បានសង្កត់ធ្ងន់ ថា «ប្រសិនបើជនជាតិរ៉ូម៉ានី ចូលចិត្តមូលដ្ឋានកងទ័ពរបស់ណាតូ វាជាអាជីវកម្មរបស់ពួកគេ។ ប៉ុន្តែក្រុមអត្តឃាតរបស់អង្គការណាតូ នឹងទាញជនស៊ីវិលធម្មតាឲ្យធ្លាក់ចូលទៅក្នុងដំណើរផ្សងព្រេង ដែលអាចបញ្ចប់យ៉ាងធ្ងន់ធ្ងរ សម្រាប់គ្រួសារ និង កូនរបស់ពួកគេ។ បញ្ហានេះ ខ្ញុំមិនព្យាយាមបន្លាចអ្នកណាម្នាក់នោះទេ ប៉ុន្ដែខ្ញុំគ្រាន់តែវែកញែកប៉ុណ្ណោះ»។

លោក កុនស្ដាន់ទីន ហ្កាវរីឡូវ (Konstantin Gavrilov) ប្រធានគណៈប្រតិភូចរចាស្ដីពីសន្ដិសុខយោធា និង អាវុធទីក្រុងវីយ៉ែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RIA  ថា ការអភិវឌ្ឍមូលដ្ឋានកងទ័ពដ៏ធំបំផុតរបស់អង្គការណាតូ នៅកង់ស្ដាន់តា (Constanta) ស្ថិតក្នុងប្រទេសរ៉ូម៉ានី គឺជាការបន្តបំផ្លាញដល់សន្តិសុខ នៅតំបន់សមុទ្រខ្មៅ។

មូលដ្ឋានយោធាដ៏ធំបំផុតរបស់អង្គការណាតូ នៅតំបន់កង់ស្ដាន់តា (Constata) នាភាគខាងត្បូងរបស់ប្រទេសរ៉ូម៉ានី កំពុងតែពង្រីក។ មូលដ្ឋានយោធារបស់អង្គការណាតូ មួយនេះ នឹងគ្របដណ្តប់លើផ្ទៃដី ប្រហែល ២ ៨០០ហិកតា ហើយវានឹងអាចផ្ទុកទាហានរបស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ រហូតដល់ចំនួន ១០ ០០០នាក់ ស្នាក់នៅជាអចិន្ត្រៃយ៍ ជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។ គម្រោងនេះនឹងត្រូវចំណាយទឹកប្រាក់ រហូតដល់២,៥ពាន់លានអឺរ៉ូ(លុយអឺរ៉ុប) ឬស្មើនឹងប្រហែល ២,៧១ពាន់លានដុល្លារអាមេរិក ដោយរាប់បញ្ចូលទាំងផ្លូវរត់របស់យន្ដហោះ ឃ្លាំងសម្រាប់ស្ដុកគញរឿងសព្វាវុធ ឃ្លាំងសម្រាប់ផ្ទុកយន្តហោះយោធា ព្រមទាំងសាលារៀនជាច្រើន ថ្នាក់មត្តេយ្យ ហាងលក់ទំនិញផ្សេងៗ និង មន្ទីរពេទ្យ ផងដែរ។

បើតាមសារព័ត៌មាន Euronews Romania បានដកស្រង់សម្ដីរបស់លោក នីកូឡេ ក្រេទូ (Nicolae Crețu) មេបញ្ជាការមូលដ្ឋានកងទ័ពអាកាសមីហាល់ កូហ្កាល់នីសេនូទី៥៧ បានបញ្ជាក់ ថា «ឃ្លាំងសម្រាប់ថែទាំ ឃ្លាំងផ្ទុកប្រេងឥន្ធនៈ គ្រាប់រំសេវ សម្ភារបរិក្ខារ សម្ភារបច្ចេកទេសកងទ័ពអាកាសចរណ៍ ម៉ាស៊ីន កន្លែងផ្តល់អាហារ កន្លែងស្នាក់នៅ អ្វីគ្រប់យ៉ាងដែលចាំបាច់ សម្រាប់គាំទ្រដល់ដំណើរការ និង បេសកកម្ម សម្រាប់មូលដ្ឋានកងទ័ពមួយនេះ»។

លោក បេន ហត់ហ្គេស (Ben Hodges) អតីតមន្រ្ដីយោធាចូលនិវត្ដន៍របស់សហរដ្ឋអាមេរិក ក៏បានចេញរំលែងព័ត៌មាននេះ នៅតាមបណ្ដាញសង្គម X ដោយនិយាយ ថា ការពង្រីកមូលដ្ឋានកងទ័ពដ៏ធំបំផុត នៅក្នុងប្រទេសរ៉ូម៉ានី គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អនុវត្ដយុទ្ធសាស្រ្ដ នៅតំបន់សមុទ្រខ្មៅ។ដោយឡែក លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ បានព្រមានដល់បណ្ដាប្រទេសលោកខាងលិច អំពីជម្លោះរវាងអង្គការណាតូ និង រុស្ស៊ី នឹងនាំឲ្យសង្គ្រាមលោកលើកទី៣ កាន់តែខិតមកជិត បើទោះជាស្ទើរតែគ្មានអ្នកណាម្នាក់ នឹងគិតដល់សង្គ្រាមនុយក្លេអ៊ែរយ៉ាងណាក៏ដោយ៕