2024-01-26 04:01
127

រាជធានីតូក្យូ៖ បើតាមរបាយការណ៍រដ្ឋាភិបាលក្រុងតូក្យូ បានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍  ទី២៥ ខែមករា ឆ្នាំ២០២៤ ថា «ការរញ្ជួយដី នៅថ្ងៃចូលឆ្នាំថ្មី បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ២៣៦នាក់ នៅឧបទ្វីប Noto របស់ប្រទេសជប៉ុន ហើយវាទំនងជានឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និង ទាមទារឲ្យមានការយកចិត្តទុកដាក់បំផុត»។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ថា  រដ្ឋាភិបាលជប៉ុន បានបន្សយ ការនាំចេញរបស់ខ្លួនដោយសារការនាំចេញទៅកាន់អឺរ៉ុប ធ្លាក់ចុះ។ ប៉ុន្តែជប៉ុន នៅតែរក្សាការវាយតម្លៃលើផលិតកម្ម ការប្រើប្រាស់ និង សេដ្ឋកិច្ចទាំងមូល ដោយមិនផ្លាស់ប្តូរ។

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃពុធ (ទី២៤ ខែមករា) បានសន្យាចំណាយបន្ថែម រហូតដល់១៥០ពាន់លានយ៉ែនឬស្មើនឹង ១,០២ពាន់លានដុល្លារ ចេញពីកញ្ចប់ថវិកាបម្រុងជាតិ នៅក្នុងកញ្ចប់ជំនួយសង្គ្រោះ សម្រាប់តំបន់រងគ្រោះដោយសារគ្រោះរញ្ជួយដី។

លោក កាហ្ស៊ូ អ៊ូដា (Kazuo Ueda) ទេសាភិបាលធនាគារជប៉ុន បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី២៣ ខែមករា) ថា គ្រោះមហន្តរាយនេះ មិនបាននាំមកនូវផលប៉ះពាល់ដល់ម៉ាក្រូសេដ្ឋកិច្ចនោះទេ។ ប៉ុន្តែឥទ្ធិពលរលករបស់វា ប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម កាន់តែទូលំទូលាយ លើវិស័យទេសចរណ៍ និង ទំនុកចិត្តអ្នកប្រើប្រាស់ ហើយត្រូវតែទាមទារឱ្យមានការត្រួតពិនិត្យបន្ថែមទៀត។ នៅក្នុងរបាយការណ៍នេះ រដ្ឋាភិបាល បានទម្លាក់ការវាយតម្លៃរបស់ខ្លួន លើការនាំចេញរបស់ជប៉ុន ជាលើកដំបូង នៅក្នុងរយៈពេលមួយឆ្នាំ ដោយបានលើកឡើង ពីការធ្លាក់ចុះ នៃតម្រូវការពីទីផ្សារអឺរ៉ុប។

ទិន្នន័យពាណិជ្ជកម្ម សម្រាប់ខែធ្នូ បានបង្ហាញ កាលពីថ្ងៃពុធ អំពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំង សម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក និង ប្រទេសចិន។ ប៉ុន្តែអ្នកវិភាគ បាននិយាយ ថា វាមិនច្បាស់ ថាតើកំណើននេះ នឹងបន្តនៅចំពេលសេដ្ឋកិច្ចពិភពលោក កំពុងតែធ្លាក់ចុះ៕