2023-03-29 05:03
447

យ៉ាងហោចណាស់មនុស្ស៤០នាក់បានស្លាប់ នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងជនអន្តោរប្រវេស្ត ដែលចាប់ផ្តើមក្នុងពេលការតវ៉ាប្រឆាំងនឹងការនិរទេសខ្លួនទៅប្រទេសម៉ិកស៊ិកវិញ បន្ទាប់ពីត្រូវចាប់ខ្លួនពេលពួកគេធ្វើដំណើរមកពីអាមេរិកកណ្តាល និងអាមេរិកខាងត្បូង ដើម្បីបានរស់នៅក្នុងសហរដ្ឋអាមេរិក។

អគ្គីភ័យបានឆាប់ឡើងភ្លាមៗ មុនម៉ោង២២យប់ ម៉ោងក្នុងស្រុកសហរដ្ឋអាមេរិក នៅរដ្ឋតិចសាស់ បានឃើញការហូរចូលនៃប្រជាជនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជនអន្តោរប្រវេសតជាច្រើនមកប្រទេសអាមេរិកកណ្តាល និងអាមេរិកខាងត្បូង បាននឹងកំពុងធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក ដោយរំពឹងថា  នឹងទទួលបានជីវិតល្អប្រសើរ ដែលជាគោលនយោបាយទប់ស្កាត់ជំងឺកូវីដ-១៩ បានឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក មានអំណាចក្នុងការបណ្តេញចេញទៅវិញភ្លាមៗ នូវជនចំណាកស្រុកណាព្យាយាមឆ្លងកាត់ព្រំដែនរបស់ខ្លួន។

ប្រធានាធិបតីម៉ិកស៊ិក បាននិយាយថា ជនអន្តោប្រវេសបានដុតពូក និងគ្រែ នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងពួកគេ ដើម្បីតវ៉ាប្រឆាំងនឹងការបណ្តេញឲ្យត្រឡប់ទៅប្រទេសកំណើតវិញ។លោកប្រធានាធិបតី បាននិយាយថា «អគ្គិភ័យនេះទាក់ទងទៅនឹងការតវ៉ា បន្ទាប់ពីពួកគេដឹងថា ពួកគេនឹងត្រូវបណ្តេញទៅប្រទេសកំណើតវិញ។ ប៉ុន្តែពួកគេ​មិន​បាន​គិត​ថា ​នឹង​បង្ក​សោកនាដកម្ម​ដ៏​អាក្រក់​នេះ​ទេ»

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ជនអន្តោប្រវេស្តស្នាក់នៅខាងក្នុងអគារ ដែលអគ្គិភ័យបានកើតឡើងនោះ ត្រូវបានអាជ្ញាធរចាប់បានខ្លួនកាលពីថ្ងៃចន្ទ ហើយនាំយកទៅឃុំក្នុងមជ្ឈមណ្ឌលនេះ ដែលនៅជិតផ្លូវតភ្ជាប់ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

មនុស្ស​ចំនួន​២៩​នាក់​ ក៏​បាន​រង​របួស​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​ដែរ។ បុរសប្រហែល៦៨នាក់ ភាគច្រើនធ្វើដំណើរមកពីអាមេរិកកណ្តាល និងខាងត្បូង ក៏ជាប់ឃុំនៅក្នុងមជ្ឈមណ្ឌល ដែលគ្រប់គ្រងដោយវិទ្យាស្ថានអន្តោប្រវេសន៍ជាតិម៉ិកស៊ិក។

សេចក្តីថ្លែងការណ៍របស់គយ និងឆ្មាំការពារព្រំដែនសហរដ្ឋអាមេរិក បាននិយាយថា ពួកគេបានរៀបចំទទួល និងព្យាបាល អ្នករងរបួសក្នុងអគ្គីភ័យ នេះ ហើយកំពុងតែប្រើរថយន្តសង្គ្រោះបន្ទាន់ពីម៉ិកស៊ិក ដើម្បីដឹកពួកគេទៅកាន់កន្លែងពេទ្យក្នុងទឹកដីសហរដ្ឋអាមេរិក។

អាជ្ញាធរម៉ិកស៊ិកបាននិយាយថា អ្នកស្លាប់ និងរបួស រួមមានប្រជាជនមកពីប្រទេស ហ្គាតេម៉ាឡា ហុងឌូរ៉ាស វេណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ កូឡុំប៊ី និងប្រទេសអេក្វាឌ័រ។

រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ប្រទេសម៉ិកស៊ិក ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ពលរដ្ឋ​ហ្គាតេម៉ាឡា​ចំនួន២៨នាក់ ​​បាន​ស្លាប់​ក្នុង​អគ្គិភ័យ​នេះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាំងតូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បានអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ដើម្បីរកអ្នកទទួលខុសត្រូវចំពោះករណីនេះ។

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា លោក អាំងតូនីញ៉ូ ហ្គូតេរ៉េស នឹងបន្តធ្វើការជាមួយអាជ្ញាធរនៃប្រទេសដែលមានប្រជាជនស្លាប់ក្នុងអគ្គិភ័យនេះ ដើម្បីធ្វើយ៉ាងណាឲ្យជនអន្តោប្រវេស្ត មានសុវត្ថិភាព និងមានការគ្រប់គ្រងត្រឹម។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ិកស៊ិក លោក កេន សាឡាហ្សា (Ken Salazar) បាននិយាយថា សោកនាដកម្មនេះ គឺជាការរំលឹកដល់រដ្ឋាភិបាលក្នុងតំបន់នេះ​អំពីសារៈសំខាន់នៃការកែប្រែប្រព័ន្ធគ្រប់គ្រងជនអន្តោប្រវេស្ត។

វិធានការទប់ស្កាត់ការឆ្លងរាកដាលមេរោគកូវីដ-១៩ ផ្តល់អំណាចដល់មន្ត្រីការពារព្រំដែនអាមេរិក អាចបដិសេធបុគ្គលម្នាក់ៗ ដែលព្យាយាមចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ត្រូវបានអនុវត្តជាលើកដំបូង នៅពេលចាប់ផ្តើមផ្ទុះជំងឺកូវីដ-១៩។

រដ្ឋបាលរបស់លោក ចូ បាយដិន (Joe Biden) បានប្រកាសពីចេតនារបស់ខ្លួនក្នុងការបញ្ចប់ការប្រើប្រាស់គោលនយោបាយ បង្កើតឡើងក្នុងសម័យដឹកនាំដោយលោក ដូណាល់ ត្រាំ (Donald Trump) ប៉ុន្តែរហូតមកពេលនេះ នៅប្រើវិធានការនោះដដែល៕