2023-11-14 02:11
255

ប៉ារីស៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលជួបលោកប្រធានាធិបតីបារាំង លោក Emmanuel Macron (អេម៉ានុយអែល ម៉ាក្រុង) នៅវិមានអេលីហ្សេ នាទីក្រុងប៉ារីស ល្ងាចថ្ងៃចន្ទ ទី១៣វិច្ឆិកា ឆ្នាំ២០២៣។ 

តាមការបញ្ជាក់ពីវិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា លោក Macron និងព្រះមហាក្សត្រកម្ពុជា នឹងជជែកគ្នាអំពីការពង្រឹងទំនាក់ទំនងឲ្យកាន់តែស្អិតរមួតរវាងប្រទេសទាំង២។ 

សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចនៅបារាំង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកានេះ ព្រះមហាក្សត្រទ្រង់នឹងយាងចូលរួមជាអធិបតី ក្នុងនាមជាព្រះប្រធាន នៃសន្និសិទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពី ការអភិរក្ស និងការអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ នៅទីស្នាក់ការអង្គការយូណេស្កូ នៅទីក្រុងប៉ារីស នៅថ្ងៃពុធទី១៥ វិច្ឆិកាផងដែរ។ 
លោក Emmanuel Macron ប្រធានាធិបតីនៃ សាធារណរដ្ឋបារាំង ថ្វាយនូវការរៀបចំព្រះរាជពិធីទទួលព្រះរាជវន្ទនកិច្ចស្វាគមន៍ជាផ្លូវការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឧិកាសស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងដោយភាពកក់ក្តៅបំផុត៕