2024-01-19 02:01
134

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសអាស៊ីបូព៌ាមួយនេះ បានធ្វើតេស្តប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមផ្ទៃទឹក ដើម្បីសម្តែងការប្រឆាំងចំពោះការធ្វើសមយុទ្ធយោធារួមគ្នាក្នុងសប្តាហ៍នេះ រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

KCNA បាននិយាយថា ការធ្វើតេស្តប្រព័ន្ធហៅថា Haeil-5-23 ដែលជាប្រភេទដ្រូនវាយប្រហារក្រោមទឹក អាចបំពាក់អាវុធនុយក្លេអ៊ែរ នៅឯដែនសមុទ្រភាគខាងកើតឆ្នេរ របស់កូរ៉េខាងជើង ប៉ុន្តែ មិនបានបញ្ជាក់ឱ្យច្បាស់ៗ អំពីកាលបរិច្ឆេទនៃការធ្វើតេស្តនោះឡើយ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យមួយរូបនៃក្រសួងការពារជាតិកូរ៉េខាងជើង បានចេញមុខរិះគន់សមយុទ្ធយោធារវាងសម្ព័ន្ធមិត្តទាំង៣ ហើយថែមទាំងបានព្រមានអំពីផលវិបាកដ៏អន្តរាយទៀតផង។

កាលពីថ្ងៃពុធសប្តាហ៍នេះ កងទ័ពជើងទឹកអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ទើបតែបានបញ្ចប់ការធ្វើសមយុទ្ធយោធា ដែលមានរយៈពេល៣ថ្ងៃ និងមានការចូលរួមពីសំណាក់ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Carl Vinson ខណៈវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរបស់ពួកគេ ចំពោះការវិវឌ្ឍខ្លាំងឡើងនៃការគំរាមកំហែង មីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា ឈ្មោះ Haeil ដែលមានន័យស្មើនឹងរលកយក្ស ប្រព័ន្ធដ្រូនក្រោមទឹករបស់កូរ៉េខាងជើង ធ្លាប់ត្រូវបានរាយការណ៍អំពីការធ្វើតេស្តលើកដំបូង កាលពីខែមីនា ឆ្នាំ២០២៣ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នាពេលនោះបានអះអាងថា វាត្រូវបានរចនាឡើង ដើម្បីឆ្មក់វាយប្រហារនៅដែនទឹករបស់សត្រូវ ហើយកម្ទេចកងនាវាចម្បាំង និងកំពង់ផែប្រតិបត្តិការសំខាន់ៗ តាមរយៈការបង្កើតរលកវិទ្យុសកម្មធំៗ ដោយការបំផ្ទុះក្រោមផ្ទៃទឹក៕