2025-08-28 10:16
67

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា ដូចដែលអ្វីបានបញ្ជាក់ក្នុងលិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក គឺការចូលរួមដោយផ្ទាល់របស់លោកប្រធានាធិបតី ត្រាំ ក្នុងការធ្វើឱ្យបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ យ៉ាងឆាប់រហ័ស បានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។

លោក ប៉ែន បូណា បានថ្លែងយ៉ាងដូច្នេះ ក្នុងសន្និសីទកាសែត ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា ក្រោយទទួលបានលិខិតផ្លូវការពីលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្តេចធិបតិនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះចែកចាយនៅលើបណ្តាញសង្គមផ្លូវការយ៉ាងព្រោងព្រាត។

លិខតិចុះថ្ងៃទី២០ ខែសីហា កន្លងមកនេះ លោកត្រាំ បានសរសេរថា៖ «ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។ ប្រទេសកម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។ ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព»។

ប្រធានាធិបតី ត្រាំ បានបញ្ជាក់ក្នុងលិខិតថា៖ «ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ»។

លោក ដូណាល់ ត្រាំ បានសម្តែងការដឹកគុណចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានតែងតាំងលោកសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដោយនិយាយថា «ការដឹកនាំរបស់កម្ពុជាបានបង្ហាញពីការគោរពចំពោះជីវិតមនុស្ស និងសន្តិភាព»៕