
ភ្នំពេញ៖ ឧបទ្ទវហេតុទាហានថៃជាន់មីន នៅក្បែរប្រាសាទតាក្របី កាលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបន្តអំពាវនាវភាគីថៃឱ្យគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
យោងតាមស្មារតីនៃកិច្ចប្រជុំ GBC បានបញ្ជាក់ថា «ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ»។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងបែបនេះ ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកស្រី ម៉ាលី សុជាតា បានថ្លែងថា កម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តតាមស្មារតីដែលភាគីទាំងពីរបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាពេលកន្លងមក។ ជាពិសេស គឺកិច្ចប្រជុំវិសាមញ្ញ ថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤ កម្ពុជា និងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ ថៃ ដែលទើបតែបញ្ចប់ទៅនៅវេលាម៉ោង ១១:៥៣ នាទី ក្នុងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
ដោយក្នុងនោះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការផ្សេងៗ ដើម្បីដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពនិងសាមគ្គីភាព និងប្រសិនបើមានបញ្ហាអ្វីត្រូវរួមគ្នាដោះស្រាយតាមយន្តការដែលមានស្រាប់។ ក្នុងន័យនេះ កម្ពុជាស្នើសុំឱ្យភាគីថៃអនុវត្តដូចគ្នានូវស្មារតីនេះ។
សូមជម្រាបថា ឧប្បត្តិហេតុផ្ទុះមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ នៅក្បែរប្រាសាទតាក្របី ដែលបណ្តាលឲ្យទាហានថៃម្នាក់ រងរបួសដាច់ប្រអប់ជើងស្តាំម្ខាង ហើយយោធាថៃបានចោទប្រកាន់ជាបន្តបន្ទាប់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាថាជាអ្នកដាក់មីនថ្មី។
អាជ្ញាធរមីន សូមសម្តែងនូវការសោកស្តាយចំពោះទាហានដែលរងគ្រោះដោយសារមីន និងសូមជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាដែលថា “កម្ពុជាបានដាក់មិនថ្មី” ដោយការចោទប្រកាន់នេះមិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាងច្បាស់លាស់។ កម្ពុជាប្តេជ្ញាគោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាតមិនប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជា មិនបានប្រើប្រាស់ ផលិត ឬដាក់មិនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។
អាជ្ញាធរមីន បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីន ប្រឆាំងមនុស្សឡើយ និងនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់។ កម្ពុជានឹងនៅតែបន្តកិច្ចសហប្រតិបត្តិការ និងការបោសសម្អាតមីន ដែលបន្សល់ទុកពីសម័យសង្គ្រាម និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយបញ្ហានេះ ដោយទទួលខុសត្រូវរក្សាឱ្យបានសន្តិភាព នៅតាមតំបន់ព្រំដែន និងធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជនទាំងពីរ។
កម្ពុជាជំរុញឱ្យភាគីថៃ អនុវត្តតាមបទឈប់បាញ់ និងមិនមានចល័តកងទ័ពនៅក្នុងតំបន់នោះអំឡុងពេលនៃបទឈប់បាញ់៕
