
ភ្នំពេញ៖ គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបប្រជុំជាមួយ លោក បេនចាមីន ម៉ូរ៉ូ (Benjamin Moreau) មន្ត្រីទទួលបន្ទុកនិងជាតំណាងរងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅវិមានរដ្ឋសភា។
ក្នុងជំនួបពិភាក្សា លោក សរ ចំរ៉ុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភាជាមួយដៃគូអភិវឌ្ឍន៍នានា នៅកម្ពុជាក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោក សរ ចម្រុះ គូសបញ្ជាក់ថា កាលពីថ្ងៃទី២៥ សីហាកន្លងមកនេះ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី «សញ្ជាតិ» ដែលនឹងក្លាយជាឧបករណ៍គតិយុត្តសំខាន់មួយ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ និងដើម្បីទប់ស្កាត់ និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ពង្រឹងនូវការអនុវត្តកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរស្របតាមមាត្រា ៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានសង្កត់ធ្ងន់ថា «ការដកសញ្ជាតិខ្មែរ គឺជាការកាត់ផ្តាច់ចំណងគតិយុត្ត និងនយោបាយចំពោះជនដែលក្បត់ជាតិ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ ដូចជា អំពើ វិទ្ធង្សនា ឬអំពើភេរវកម្ម ជាដើម ការប្រព្រឹត្តអំពើ ឬស្ថានភាពដែលបង្ហាញពីភាពមិនស្មោះត្រង់ចំពោះរដ្ឋ (Disloyalty) ឬ ការប្រកាសភក្តីភាពចំពោះរដ្ឋបរទេស (Allegiance) ដូចជា ការចូលធ្វើជាទាហាននៃរដ្ឋបរទេស ជាដើម»។
ចំណែក លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភាវិញ បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដ៏សំខាន់ ដើម្បីទប់ស្កាត់ នូវសកម្មភាពនានា ដែលនាំឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិ ឬនាំឱ្យអន្តរាយដល់សន្តិភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខជាតិ ជាពិសេសប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ព្រមទាំងប្រឆាំងនឹងអំពើឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ របស់ខ្លួន ដែលធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។
លោកបានបន្ថែមទៀតថា ប្រទេសកម្ពុជា ប្រឈមមុខនឹងភាពអយុត្តិធម៌ពីការឈ្លានពានពីប្រទេសជិតខាងថៃ ដែលបានប្រព្រឹត្តយ៉ាងគឃ្លើន ដូច្នេះកម្ពុជាត្រូវតែពង្រឹងផ្ទៃក្នុង ហើយច្បាប់ដកសញ្ជាតិនេះបានអះអាងច្បាស់លាស់ ម៉ត់ចត់ និងម៉ឺងម៉ាត់បំផុត ធានាបាននូវការគោរពធម្មនុញ្ញភាពនៃច្បាប់ស្តីពីសញ្ជាតិស្របតាមមាត្រា ៣៣ថ្មី នៃរដ្ឋធម្មនុញ្ញ និងធានាការគោរព មាត្រា ៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ លោក បេនចាមីន ម៉ូរ៉ូ បានថ្លែងអំណរគុណដល់រដ្ឋសភា ដែលឯកឧត្តមប្រធានគណៈកម្មការទំាងពីរនៃរដ្ឋសភា ក៏ដូចជាសហការីទំាងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនៅក្នុងឱកាសនេះ។ លោកបានអរគុណចំពោះការចែករំលែកព័ត៌មានថ្មីៗ ពិសេសអត្ថន័យដ៏សំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ៕

