2025-08-28 11:02
6

យ៉ាងហោចណាស់កុមារ ចំនួន ០២នាក់ បានស្លាប់ និង១៧នាក់ទៀត រងរបួស ក្នុងនោះមានកុមារ ចំនួន ១៤នាក់ ក្នុងអំពើបាញ់ប្រហារដ៏រន្ធត់មួយ នៅសាលារៀននៃវិហារសាសនគ្រិស្ត Minnesota ក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក។

ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ នៅវេលាម៉ោង០៨ព្រឹក (ម៉ោងនៅអាមេរិក) នាថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ក្នុងព្រះវិហារ Annunciation នៅទីក្រុង Minneapolis រដ្ឋ Minnesota។ បុរសជាខ្មាន់កាំភ្លើង ត្រូវបានអាជ្ញាធរបាញ់សម្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

តាមការបញ្ជាក់របស់មេប៉ូលិសប្រចាំតំបន់ លោក Brian O'Hara បាននិយាយថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារក្មេងៗក្នុងវិហារកាតូលិច មានឈ្មោះ Robin Westman អាយុ ២៣ឆ្នាំ បានបើកការបាញ់រះតាមបង្អួច ខណៈពេលកូនសិស្សកំពុងធ្វើពិធីអធិស្ឋានព្រះយីស៊ូគ្រិស្ត។

ក្រោយបាញ់សម្លាប់ប៉ូលិសបានរកឃើញកាំភ្លើង ចំនួន ០៣ ដើម នៅជាប់ខ្លួនរបស់ខ្មាន់កាំភ្លើង ក្នុងនោះមានកាំភ្លើងវែង ០១ ដើម កាំភ្លើងស្នប់ ០១ ដើម និងកាំភ្លើងខ្លី ០១ ដើម និងគ្រាប់បែកផ្សែងមួយគ្រាប់ផងដែរ។

ចំពោះមូលហេតុដែលជំរុញឲ្យខ្មាន់កាំភ្លើងបើកការបាញ់ប្រហារលើសិស្សសាលាខាងលើនេះ មិនដឹងនៅឡើយទេ ហើយខ្មាន់កាំភ្លើងមានប្រវត្តិបែបណាក៏មិនទាន់មានការបញ្ជាក់ដូចគ្នា៕