
ថៃ៖ កងម្លាំងយោធានៃប្រទេសថៃ បានប្រមានកម្ពុជា ឱ្យជម្លៀសប្រជាពលរដ្ឋ និងរុះរើលំនៅដ្ឋានឱ្យអស់ចេញពីតំបន់ Ban Nong Chan ខេត្ត SA Kaeo ក្នុងរយៈពេល២ខែទៀត ដោយបានអះអាថា បើមិនដូច្នេះទេកម្លាំងថៃនឹងអនុវត្តវិធានការការពារអធិបតេយ្យភាពទឹកដីភ្លាមៗ។ ក្នុងករណីនេះ ក្រសួងការបរទេសកម្ពជា បានបញ្ជូនការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅ។
នេះបើតាមការអះអាង របស់លោកឧត្តមសេនីយ៍ទោ Wanchana Sawasdee ប្រធានការិយាល័យសម្របសម្រួលបេសកកម្មសម្រាប់សន្តិសុខជាតិ ក្រោមការដឹកនាំប្រតិបត្តិការនៅទីស្នាក់ការកណ្តាល នៃកងយោធពលខេមរភូមិន្ទថៃ ដែលបានចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយថៃ The Nation នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីប្រជាពលរដ្ឋកម្ពុជា ដែលបានអ្នកតាំងទីលំនៅនៅរាប់សិបឆ្នាំ បានរុះរើរបងលួសបន្លារបស់ភាគីថៃ ដែលបានដាក់ពង្រាយតាមបណ្តោយព្រំដែនព័ន្ធយកដីស្រែចំការ និងផ្ទះរបស់ពួកគាត់កំពុងតែរស់សុខៗ។
កងកម្លាំង Burapha បានគូសបញ្ជាក់ថា តំបន់ដែលកំពុងមានបញ្ហាជម្លោះនេះ គឺស្ថិតនៅក្នុងទឹកដីថៃ ប៉ុន្តែប្រជាជនកម្ពុជាបានសាងសង់ផ្ទះ ចំនួន ១៨ ខ្នង នៅតំបន់ Ban Nong ya Kaew ដោយភាគីថៃចោទប្រកាន់ថាប្រជានជនកម្ពុជារំលោភលើទឹកដីរបស់ថៃ។
សូមជម្រាបថា ពាក់ព័ន្ធករណីខាងលើនេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅ។ យោធាថៃនៅតែបន្តសកម្មភាពដាក់លួសបន្លាបន្ថែមទៀតលើទីតាំងថ្មី ចំនួន ០២ នៅនិយាមការ WGS84-1522936, 251488 និង WGS84-1522981, 251488 ស្ថិតនៅចម្ងាយប្រមាណ ១០០ ម៉ែត្រ និង ៨០ម៉ែត្រ ពីទីតាំងដែលយោធាថៃបានដាក់លួសបន្លា សំណាញ់របាំង និងកង់រថយន្ត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ត្រង់ចន្លោះបង្គោលព្រំដែនលេខ ៤៦-៤៧ ក្នុងមូលដ្ឋានភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា សកម្មភាពបន្តទន្ទ្រានកាន់កាប់ជាឯកតោភាគីដោយកម្លាំងយោធាថៃ តាមវិធីដាក់លួសបន្លា នៅផ្នែកព្រំដែនដែលបានរៀបរាប់ខាងលើ កំពុងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ក៏ដូចជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនភូមិភាគ (RBC) កម្ពុជា-ថៃ ពិសេសត្រង់ចំណុច៖ «ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាព បង្កហេតុដែលអាចបង្កើនភាពតានតឹង រួមទាំងសកម្មភាពយោធា ចូលទៅក្នុងលំហអាកាស និងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតចាប់ពីពេលឈប់បាញ់ចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) នៅ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនពង្រីកវិសាលភាព និងទំហំនៃជម្លោះ រួមមានទាំង សកម្មភាពបង្កហេតុ ដែលអាចធ្វើឱ្យភាពតានតឹងកើនឡើង»។
ម្យ៉ាងវិញទៀត ការប៉ុនប៉ងរបស់ភាគីណាមួយក្នុងការធ្វើខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រើប្រាស់មធ្យោបាយយោធា គឺផ្ទុយនឹងស្មារតីនៃអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០។ ការប៉ុនប៉ងបែបនេះ មិនត្រឹមតែរំលោភលើអាណត្តិការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ទៅដល់កិច្ចប្រឹងប្រែង និងដំណើរការចរចារបស់ JBC នៃភាគីទាំងពីរផងដែរ។ ដោយឡែក សកម្មភាពបែបនេះ គឺជាការបំពានលើគោលការណ៍ និងគោលបំណងដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤និង២០នាទីរសៀលនេះ កងកម្លាំងយោធារបស់ថៃ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រនៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជាបញ្ជាក់ថា «រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃ MOU 2000»៕
_1756368243.jpg)



