
ថៃប្រើប្រាស់ប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមឈ្លានពានមកលើកម្ពុជា ដែលបានបំពានការហាមឃាត់ នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ
លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា «ស៊ីម៉ាក់» ល្ងាចនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖ «នៅសមរភូមិមុខនៃសង្គ្រាមឈ្លានពានរបស់សៀមលើព្រំដែនបូរណភាពទឹកដីខ្មែរនោះ ពួកទ័ពសៀមបានប្រើប្រាស់គ្រាប់បែកចង្កោម តាមរយៈគ្រាប់កាំភ្លើង ១៥៥ មីលីម៉ែត្រ ដែលបាញ់ពីកាំភ្លើងធំ ប្រភេទ (M758 ATMG 155 mm) បាញ់បានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ»។
លោក ហេង រតនា បានបញ្ជាក់ថា៖ «ក្នុងគ្រាប់ផ្លោង ១៥៥ មីលីម៉ែត្រ មួយគ្រាប់ មានកូនគ្រាប់បែកចង្កោម ចំនួន ៥៦ គ្រាប់ ដែលគ្រាប់កាំភ្លើងធំប្រភេទនេះ ស្ថិតនៅក្រោមការហាមឃាត់ នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ»។
អគ្គនាយកស៊ីម៉ាក់ បានបន្ថែមទៀតថា បច្ចុប្បន្ននេះមានប្រទេស ១២៤ ជាសមាជិករដ្ឋភាគី។ ទង្វើរបស់សៀមនេះជាការរំលោភអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ លោក ហេង រតនា ក៏បានបង្ហាញរូបភាពគ្រាប់បែកចង្កោមដែលអង្គភាព CMAC ធ្លាប់ធ្វើការស៊ើបអង្កេតកាលសង្គ្រាមជាមួយសៀម ក្នុងឆ្នាំ២០០៨ នៅទិសប្រាសាទព្រះវិហារផងដែរ។
សូមបញ្ជាក់ថា អនុសញ្ញានេះអន្តរជាតិអូស្លូ បានហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមទាំងអស់។ ដ្បិតថៃមិនមែនជាភាគីអនុសញ្ញានេះក៏ដោយ ប៉ុន្តែការប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានគេចាត់ទុកថាជាការរំលោភលើគោលការណ៍មនុស្សធម៌អន្តរជាតិដោយសារតែផលប៉ះពាល់មិនរើសអើង និងគ្រោះថ្នាក់រយៈពេលវែងដល់ជនស៊ីវិល។
លក្ខណៈរបស់គ្រាប់បែកនេះ គឺផ្ទុះចេញគ្រាប់តូចៗជាច្រើនគ្រាប់ក្នុងតំបន់ធំទូលាយ និងគ្រោះថ្នាក់នៃគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់ ដែលបន្តគំរាមកំហែងដល់ជនស៊ីវិល ជាពិសេសកុមារ រាប់ឆ្នាំក្រោយសង្គ្រាម។
អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ជាច្រើន នឹងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់ថៃ ខណៈបណ្តារដ្ឋជាភាគីនៃអនុសញ្ញា CCM និងប្រទេសដទៃទៀតដែលយកចិត្តទុកដាក់លើបញ្ហាមនុស្សធម៌ អាចនឹងដាក់សម្ពាធការទូតលើប្រទេសថៃ











