2025-07-26 00:02
36

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «គន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជា នៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀត រវាងភាគីទាំងពីរ»

នេះ គឺជាសាររបស់សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបង្ហោះលើបណ្តាញសង្គមផ្លូវការ នាព្រលប់ៗថ្ងៃសុក្រ ទី២៥ ខែកក្ដដា ឆ្នាំ២០២៥ នេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន សម្តេចមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ជូនជនរួមជាតិកម្ពុជា និងអន្តរជាតិឱ្យជ្រាបអំពីបញ្ហានេះ។ 

សម្តេចធិបតី នាយឧត្តមសេនីយ៍ បានបញ្ជក់ថា៖«កាលពីល្ងាចថ្ងៃទី២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបណ្ដោយព្រំដែន។ ឯកឧត្តមបានបង្ហា​ញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រា​ប់ការ​ស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ»

ក្នុងកិច្ចសន្ទនានោះ ដោយមានការសម្របសម្រួលពីប្រមុខប្រធានប្តូរវេនអាស៊ាននោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ជាមួយ ឯកឧត្តម Anwar Ibrahim ថា កម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។ 

ជាចម្លើយបឋមដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយ ឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺ ភាគីថៃបានឯកភាពជាមួយសំណើរបស់ ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យក ម៉ោង ១២យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា

ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ ម៉ោង ១២យប់ ថ្ងៃទី២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖ «ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ»