
បទបញ្ជារបស់នាយឧត្តមសេនីយ៍ ស សុខា បានបញ្ជាក់ថា៖ «ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅតែម្ដង លោកសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ»។
រដ្ឋមន្ត្រីក្រសួងមហាផ្តៃ បានបញ្ជាក់បន្ថែមទៀតថា៖ «ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ»។
ក្នុងពេលជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានអំពាវនាវដោយទទូចដល់បងប្អូនជនរួមជាតិ ដែលធ្វើដំណើរតាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនផ្ទាល់ រួមទាំងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ៕