2025-07-26 07:16
78

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា នាព្រឹកព្រលឹថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ភាគីថៃ បានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោង ចំនួន ០៥ គ្រាប់​ មកលើទីតាំងជាច្រើនកន្លែង ចូលមកទឹកដីកម្ពុជា ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយភាគីថៃ នៅវេលាម៉ោង ០៥និង០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំ ចំនួន ០៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

ក្រសួងការពារជាតិ ចាត់ទុកថា ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការស​ហ​ប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការឈ្លានពានខុសច្បាប់របស់ថៃ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុ​លោមតាមច្បាប់អន្តរជាតិ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ 

កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏សាហាវឃោឃៅរបស់ថៃ៕